(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយ លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅវិមានសន្តិភាព នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួបនេះ លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។
លោកស្រីបាន គោរពជម្រាបជូនសម្ដេចធិបតីថា នេះជាលើកទី២ ដែលអង្គការ JETRO បានរៀបចំបេសកកម្មធុរកិច្ចនៅកម្ពុជាដោយលើកនេះមានក្រុមហ៊ុនជប៉ុនចូលរួមចំនួន១៩ ដែលចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជាក្នុងវិស័យផ្សេងៗរួមទាំងលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូនតាមរយៈបច្ចេកវិទ្យាថ្មី និងទំនើបរបស់ជប៉ុន។
ជាមួយគ្នានេះ សម្ដេចធិបតីបានស្វាគមន៍ការបន្តចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនជប៉ុនក្នុងការស្វែងរកនូវឱកាសវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា។
សម្តេចធិបតីបានសម្តែងនូវការគាំទ្រលើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុនលើវិស័យថាមពលស្អាត និងឥណទានកាបូនដែលមានសង្គតិភាពជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងការដាក់ចេញនូវទិសដៅជំរុញថាមពលស្អាតឱ្យបានដល់៧០% ត្រឹមឆ្នាំ២០៣០។
សម្ដេចធិបតី ក៏បានណែនាំឱ្យបង្កើតក្រុមការងារដែលមានតំណាងក្រសួង-ស្ថាប័នកម្ពុជាពាក់ព័ន្ធដើម្បីសម្របសម្រួលជាមួយអង្គការ JETRO និងក្រុមហ៊ុនជប៉ុនខាងលើក៏ដូចជាពិភាក្សាការងារបន្តលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន។
សូមបញ្ជាក់ថា បន្ទាប់ពីគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមអមដំណើរ សម្តេចធិបតី ក្នុងដំណើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីចុងឆ្នាំ២០២៣ រួចមក សមាគមឧកញ៉ាកម្ពុជា បានបន្តធ្វើការជាមួយភាគីជប៉ុនជាហូរហែ ជាក់ស្តែង ចាប់ពីថ្ងៃទី៦-៧-៨ ខែសីហា ឆ្នាំ២០២៤ នេះ សមាគមឧកញ៉ាកម្ពុជា បានទទួល និងដឹកនាំ គណៈប្រតិភូជប៉ុនចំនួន ២៤ រូប ដែលអញ្ជើញមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម សម្តេចធិបតីនាយករដ្ឋមន្ត្រី និងទស្សកិច្ចសិក្សានៅរោងចក្រនិងចំការអំពៅ ក្នុងខេត្តកំពង់ស្ពឺ, រោងចក្រ ខ្មែរ ប៊ែវើរីជីស ក្នុងទីក្រុងភ្នំពេញ និងកសិដ្ឋានផលិតស្រូវ និងជីកំប៉ុស្តិ៍ ក្នុងខេត្តព្រៃវែង។
ស្របពេលដែល ពេញមួយថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ សមាគមឧកញ៉ាកម្ពុជា បានសហការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា ព្រមទាំងភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) រៀបចំ «សន្និសីទស្តីពីការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងសំហរអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន» ព្រមទាំងកម្មវិធី «ជំនួបផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន» ក្រោមប្រធានបទ៖ «ធុរកិច្ចឥណទានកាបូន និងបរិយាកាសវិនិយោគនៅកម្ពុជា» ផងដែរ៕