(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនក្រុមគ្រួសារកងទ័ព ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៦០គ្រូសារ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែបានជួយឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់សម្រាប់វិស័យមនុស្សធម៌ ជូនដល់អតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ។
លោកបានណែនាំដល់ក្រុមគ្រួសារកងទ័ព ដែលមានជីវភាពលំបាកខ្វះខាតទាំង៦០គ្រួសារ ត្រូវថែរក្សាសុខភាព រស់នៅល្អ ហូបចុកស្អាត មានអនាម័យ ហើយជាមួយនោះដែរ ត្រូវមើលថែទាំកូនចៅតូចៗឲ្យបានល្អ ជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយក្នុងរដូវទឹកជំនន់ ដែលកំពុងជន់លិចនៅបណ្ដាកន្លែងមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
នៅក្នុងឱកាសនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ជូនអំណោយមនុស្ស ធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនគ្រួសារកងទ័ពទាំង៦០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ។
ក្រុមគ្រួសារកងទ័ព ដែលមានជីវភាពលំបាកខ្វះខាតទាំង៦០គ្រួសារ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងជួយដល់អតីតយុទ្ធជន និងប្រជាជន ព្រមទាំងគ្រួសារកងទ័ព ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងភូមិ សាស្ត្រខេត្តកំពង់ធំ នាពេលកន្លងទៅ និងសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ នៃថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕