(ព្រះវិហារ)៖ លោក អ៊ុំ សុភឿន អភិបាលស្តីទីស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងអំពាវនាវឱ្យរួមគ្នាដាំដើមឈើគ្រប់ប្រភេទតាមគ្រប់រូបភាព និងឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានក្នុងន័យប្រជាជនមួយរូប ដាំដើមឈើ១ដើម ពិសេសត្រូវចូលរួមថែរក្សា ទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់ទន្ទ្រានដីព្រៃ ឈូសឆាយដីព្រៃឈើ ការដុតព្រៃ ការបរបាញ់ចាប់សត្វព្រៃដោយខុសច្បាប់។
ការថ្លែងអំពាវនាវរបស់លោក អ៊ុំ សុភឿន បានធ្វើឡើងក្នុងឱកាសដែលលោក ដឹកនាំមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ចូលរួមក្នុងពិធីដាំដើមឈើ ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ នៅក្នុង និងក្រៅបរិវេណ សាលាអនុវិទ្យាល័យឆែប ក្នុងឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។
លោក អ៊ុំ សុភឿន ក៏បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏ដូចជាលោកប្រធានក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកឆែប ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបានអភិវឌ្ឍស្រុកឆែបរបស់យើងឱ្យមានការរីកចម្រើនគ្រប់វិស័យ។
លោកអភិបាលស្តីទីស្រុកឆែប ក៏បានថ្លែងប្រាប់លោកអ្នក អ្នកគ្រូ សិស្សានុសិស្ស ពីអត្ថប្រយោជន៍យ៉ាងច្រើននៃព្រៃឈើ លោកថាបើបាត់បង់ព្រៃឈើពិតជាជះឥទ្ធិពលអាក្រក់ដល់ការរស់នៅរបស់ប្រជាជន និងសង្គមជាតិ ដូចជាការប្រែប្រួលអាកាសធាតុ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងការរាំងស្ងួត បាត់បង់សត្វព្រៃ ធនធានមឆ្ឆាជាតិ និងការធ្លាក់ចុះគុណភាពដីផងដែរ។
ដូចនេះលោកសូមអំពាវនាវឱ្យបងប្អូនចូលរួមដាំដើមឈើគ្រប់ប្រភេទគ្រប់រូបភាព តាមគ្រប់ទីកន្លែង និងឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងន័យប្រជាជនមួយរូប ដាំដើមឈើ១ដើម និងត្រូវចូលរួមថែរក្សា ទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់ទន្ទ្រានដីព្រៃ ឈូសឆាយដីព្រៃឈើ ការដុតព្រៃ ការបរបាញ់ចាប់សត្វព្រៃដោយខុសច្បាប់៕