Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឫស្សីកែវ យកគ្រឿងចក្រជួសជុលផ្លូវ ក្នុងសង្កាត់ស្វាយប៉ាក ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ

23-09-2016 14:49

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំអភិបាលរងខណ្ឌ លោក ប្រាជ្ញ សីហា និងលោក ហ៊ូ សាម៉ន ចៅសង្កាត់ស្វាយប៉ាក រួមនិងក្រុមការងារជាមន្ត្រីក្រោមឱវាទ នាំយកគ្រឿងចក្រចុះធ្វើការជួសជុលផ្លូវ និងលប់ជង្ហុក តូចធំជាច្រើន ដែលកំពុងរងការខូចខាត តាមបណ្ដោយផ្លូវជាតិលេខ៥ ក្បែរយឿត្រី គីឡូម៉ែត្រលេខ១១ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវជាបណ្ដោះអាសន្ន ដើម្បីសម្រួលចរាចរ ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ និងប្រារព្ធពិធីបុណ្យទាន តាមបណ្តាវត្តនីមួយៗនារដូវភ្ជំបិណ្ឌនេះ។

លោក ឡេង ចាន់វិសិដ្ឋ នាយការយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ សាលាខណ្ឌឫស្សីកែវ បានឲ្យដឹងថា ការជួសជុលផ្លូវនេះ បានប្រើប្រាស់គ្រឿងចក្រ២គ្រឿង ដែលជាការចំណាយផ្ទាល់​របស់លោក​អភិបាល​ខណ្ឌឫស្សីកែវ។ ជាមួយគ្នានោះ ក៏មានការចូលរួមឧបត្ថម្ភ ជាថ្មម៉ិចសម្រាប់ក្រាល និងចាក់លប់ចំនួន១០រថយន្ដ ពីលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរខណ្ឌឫស្សីកែវ។

លោក ឡេង ចាន់វិសិដ្ឋ បានឲ្យដឹងទៀតថា ជាក់ស្ដែង កញ្ចប់ថវិការបស់ខណ្ឌមួយចំនួនធំ ត្រូវបានដាក់ប្រើប្រាស់ចាំបាច់លើគម្រោង​ជាអទិភាពក្នុងការអភិវឌ្ឍន៍ ធ្វើផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រ ខណ្ឌឫស្សីកែវ ក្នុងឆ្នាំ២០១៦អស់ទៅហើយ ដូច្នេះក្នុងនាមអាជ្ញាធរខណ្ឌក្រោមការដឹកនាំរបស់លោក ជា ពិសី ចាំបាច់ត្រូវតែបន្តសកម្មភាព ដោយធ្វើការជួសជុលជា បណ្ដោះអាសន្នសិន ដើម្បីសម្រួលការកកស្ទះចរាចរ និងគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅផងដែរ៕