(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ជិះម៉ូតូមកពីទិញគ្រឿងញៀន ដោយឆ្លងកាត់គោលត្រួតពិនិត្យរបស់កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ឆែកឆេរដកហូតបាន ថ្នាំញៀន២កញ្ចប់ និងម៉ូតូ១គ្រឿង នៅវេលាម៉ោង៤៖៣០នាទី ទាបភ្លឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខយឿត្រីនុយ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះស្រេង សំណាង អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមត្រី ស្នាក់នៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងទី២-ឈ្មោះប្រាក់ បញ្ញា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
លោកវរសេនីយ៍ឯក ឈិន គឹមធុយ បានបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌព្រែកព្នៅ តែងតែសហការចេញល្បាត ក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ផ្សេងៗ។ ហើយខណៈដែលសមត្ថកិច្ច យើងកំពុងបន្តសកម្មភាពយាមល្បាត នៅយប់ថ្ងៃទី២២ ខែកញ្ញា រហូតដល់រំលងអាធ្រាត្រទាបភ្លឺឈានចូលថ្ងៃទី២៣ ខែកញ្ញា តាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខ និងយឿត្រីនុយ ស្រាប់តែបានប្រទះឃើញសង្ស័យ ២នាក់ដែលជិះម៉ូតូ១គ្រឿង ក៏ធ្វើការឃាត់ដើម្បីត្រួតពិនិត្យបានរកឃើញថ្នាំញៀន២កញ្ចប់ ដែលជនសង្ស័យបានលាក់ទុកនូវ និងខ្លួនទើបឈានដល់ការបង្ក្រាបតែម្ដង ដោយដកហូតបានទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ១គ្រឿងម៉ាកស្មាសរ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1L-0661ផងដែរ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងចាត់ការ តាមនីតិវិធីរបស់អយ្យការ សាលាដំបូងរាជធានីភ្នំពេញ៕