(ពោធិ៍សាត់)៖ ពិធីបុណ្យខួបគម្រប់១០០ថ្ងៃ ឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ លោក ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអតីតអភិបាលខេត្តកំពត និងខេត្តពោធិ៍សាត់ នឹងត្រូវធ្វើឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ ០៨ ខែសីហា ឆ្នាំ២០២៤ នៅគេហដ្ឋានលេខ៣ ផ្លូវ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នេះបើយោងតាម លិខិតគោរពយាង-អញ្ជើញ បុណ្យខួប១០០ថ្ងៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីក្រុមគ្រួសាររបស់លោក នៅព្រឹកថ្ងៃ០៧ ខែសីហា ឆ្នាំ២០២៤នេះ។
ក្នុងលិខិតនោះ ក្រុមគ្រួសាររបស់លោក ជាវ តាយ មានកិត្តិយសសូមគោរពយាង-អញ្ជើញ សម្តេច ទ្រង់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ដើម្បីឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ លោក ជាវ តាយ ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។
*កម្មវិធីបុណ្យ៖ ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី0៧ ខែសីហា ឆ្នាំ២០២៤ -វេលាម៉ោង ១៥ និង០០នាទីរសៀល: ជួបជុំភ្ញៀវកិត្តិយស និងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់, ប្រារព្ធពិធីធ្វើកិច្ចនមស្សការ សមាទានសីល, ចម្រើនព្រះបរិត្ត និងសម្តែងព្រះធម្មវិសេសទេសនា និងអញ្ជើញភ្ញៀវកិត្តិយស ពិសារអាហារពេលល្ងាច។
លុះព្រឹកឡើង ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ -វេលាម៉ោង ០៨ និង០០នាទីព្រឹក៖ នមស្សការព្រះរតនត្រៃ និងសមាទានសីល, វេរភត្តាហារ ថ្វាយ និងប្រគេនព្រះសង្ឃបង្សុកូល, យាង និងនិមន្តព្រះសង្ឃ ចំនួន៦៩អង្គ គោចរបិណ្ឌបាត្រ ជាកិច្ចបង្ហើយបុណ្យ។
*មរណភាពរបស់ លោក ជាវ តាយ គឺជាការបាត់បង់នូវមន្ត្រីជាន់ខ្ពស់ និងធានធានមនុស្សមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រកបដោយបទពិសោធ និងឆន្ទៈមនសិការស្នេហាជាតិមោះមុត ដោយបានរួមចំណែក ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ ជារៀងរហូតមក។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធ លោកបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕