(កំពង់ធំ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារ ARDB នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំសហការី ចុះជួបប្រជុំជាមួយសមាគមស្វាយចន្ទីកម្ពុជា នៅខេត្តកំពង់ធំ ក្នុងគោលបំណង អភិវឌ្ឍន៍ផលិតកម្ម គុណភាព និងទីផ្សារស្វាយចន្ទី។
ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតបានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដល់សមាគមស្វាយចន្ទីនៅខេត្តកំពង់ធំ រួមមាន៖ ទី១.ការយកចិត្តទុកដាក់លើការថែទាំ និងការបង្កើនផលស្វាយចន្ទី, ទី២.ការប្រើប្រាស់ជី ថ្នាំ លើដំណាំស្វាយចន្ទីពេលមុនផ្កា និងពេលកំពុងផ្កា, ទី៣.បង្កើនការកែច្នៃស្វាយចន្ទី និងការប្រមែប្រមូលវិនិយោគិនក្នុងស្រុក ដើម្បីចូលរួមជាមួយសមាគម និងអនុសាសន៍ផ្សេងៗទៀត។
បន្ថែមពីនេះ លោកបណ្ឌិត ក៏បានណែនាំពីរបៀបនៃការគ្រប់គ្រងទុន ឱ្យមានប្រសិទ្ធភាពផងដែរ ទាំងទុនបង្វិល និងទុនវិនិយោគ ដែលក្នុងនោះរួមមាន ទុនក្នុងការវិនិយោគសម្រាប់កែច្នៃ, ទុនសម្រាប់ទិញគ្រាប់ស្វាយចន្ទី និងទុនប្រើប្រាស់បំរុងការពារ សម្រាប់ប្រើប្រាស់ក្នុងគ្រោះមហាន្តរាយ។
ជាមួយគ្នានេះ នៅថ្ងៃដដែលនេះ មបណ្ឌិត កៅ ថាច បានចុះពិនិត្យស្តុកស្រូវអង្កររបស់រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ដែលមានមូលដ្ឋាននៅស្រុកស្ទោង ខេត្តកំពង់ធំ។ រោងម៉ាស៊ីនកិនស្រូវនេះ ទទួលបានហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលក្រោមគម្រោងរក្សាស្ថិរភាពថ្លៃ រក្សាសន្តិសុខស្បៀង និងប្រព័ន្ធពូជសុទ្ធ តាមរយៈធនាគារ ARDB។
ក្នុងឱកាសនោះ លោកបណ្ឌិតបានស្នើដល់ម្ចាស់រោងម៉ាស៊ីន អោយធ្វើការប្រមូលទិញស្រូវពីកសិករឱ្យអស់លទ្ធភាព តាមតម្លៃសមស្រប នៅរដូវប្រមូលផលខាងមុខ ដោយចៀសវាងការបង្អាប់តម្លៃ៕