(ព្រះវិហារ)៖ លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនិងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការស្តារឡើងវិញផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែងសរុប១១៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុងភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បន្ទាប់ពីបានចុះពិនិត្យមើល ដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវ១ខ្សែនេះ ដែលបានធ្វើការស្តារឡើងវិញដោយកងវិស្វកម្មលេខ១៨១ ស្ពាន ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ជាប្រភពថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងឆ្នាំ២០២៣ និងបានបញ្ចប់សុពលភាពហើយនោះ លោក សាន វិសាល បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវថែទាំផ្លូវនេះឱ្យបានល្អប្រសើរដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា ពិសេសផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ និងការដឹកជញ្ជូនកសិផលមានភាពងាយស្រួល។
នៅក្នុងឱកាសដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យបញ្ចប់សុពលភាពការស្តារឡើងវិញផ្លូវ១ខ្សែនេះ លោក សាន វិសាល ត្រូវបានទទួលស្វាគមន៍ដោយរាក់ទាក់ពីបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរខេត្តព្រះវិហារ និងជំនាញពាក់ព័ន្ធ ដែលបានធ្វើការស្តេារឡើងវិញផ្លូវ១ខ្សែនេះជូនពួកគាត់។
លោក សាន វិសាល ក៏បានចែកនូវក្រមាដែលជាអំណោយរបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទុកជាចំណងដៃជូនប្រជាពលរដ្ឋម្នាក់មួយផងដែរ៕