(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ ២០២៤បានទទួលជួបសម្តែងការគួរសម ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Vomic Nur Shah, ប្រធាន (Head of Origination) នៃស្ថាប័នហិរញ្ញប្បទាននាំចេញចក្រភពអង់គ្លេស (UK Export Finance – UKEF) អំពីកាលានុវត្ដភាពនៃកិច្ចសហប្រតិបត្ដិការក្រោមក្របខណ្ឌហិរញ្ញប្បទាននាំចេញ (Export Finance) តាមរយៈទីភ្នាក់ងារហិរញ្ញប្បទាននាំចេញ (Export Credit Agency-ECA) ចក្រភពអង់គ្លេស ដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ក្នុងអំឡុងពេលដែលលោកប្រធានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែ សីហា ឆ្នាំ២០២៤ ។
ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្ដមានរបស់លោក Vomic Nur Shah និងគណៈប្រតិភូ នៃស្ថាប័ន UKEF ដែលបំពេញបេសកកម្មនៅកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តការដ៍ល្អ ក្នុងភាពជាដៃគូររវាងរដ្ឋាភិបាលចក្រភពអង់គ្លេសនាពេលកន្លងមក និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជានាពេលបច្ចុប្បន្ន ដែលបាននិងកំពុងរួមចំណែកដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញស្ថានភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា, ការបន្តស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចស្របតាមការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច, ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ព្រមទាំង យុទ្ធសាស្រ្តនិងវិធានការក្នុងការកំណែទម្រង់ថ្មីជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសេវាកម្មសាធារណៈ ខណៈពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលកិច្ចការទាំងនេះសំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ស្របតាម «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ផងដែរ ។
លោក Vomic Nur Shah បានសម្តែងនូវការអរគុណ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំអភិវឌ្ឍគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រទេសកម្ពុជា។ លើមាគ៌ានេះ, រាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានកំណត់ប្រទេសកម្ពុជាជាប្រទេសមួយ នៃចំណោមប្រទេសអាទិភាពក្រោមក្របខណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស(British Investment Partnership) ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍអន្តរជាតិរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា ជាពិសេស ដើម្បីលើកកម្ពស់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ UKEF បាននិងកំពុងពិនិត្យលើកាលានុវត្ដភាពផ្ដល់ហិរញ្ញប្បទាននាំចេញដល់ប្រទេសកម្ពុជា, ដែលនឹងក្លាយជាចំណុចទាក់ទាញបន្ថែមដល់ការ វិនិយោគរបស់វិស័យឯកជន ជាពិសេស វិនិយោគិនពីចក្រភពអង់គ្លេស។
ស្របជាមួយគ្នានេះដែរ, រាជរដ្ឋាភិបាលទាំងពីរ បាននិងកំពុងសហការយ៉ាងជិតស្និត ទៅលើការរៀបចំអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង ដែលជាគម្រោងវិនិយោគសាធារណៈមួយ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយសំដៅកៀរគរការវិនិយោគ ពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍគម្រោងនេះផងដែរ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី ក៏បានជូនពរដល់លោក Vomic Nur Shah និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕