(ព្រុយណេ)៖ តបតាមការអញ្ជើញរបស់លោក Ajman Bin Haji Meludin អគ្គលេខាធិការ (អភិបាលកិច្ចមុខងារសាធារណៈ) ទីស្តីការនាយករដ្ឋមន្ត្រីព្រុយណេ លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីបញ្ហាពាក់ព័ន្ធនឹងមុខងារសាធារណៈ (ACCSM) លើកទី២២ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ។
ហើយនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ឡើងវិញ នូវការគាំទ្រយ៉ាងពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន ចំពោះប្រទេសកម្ពុជា ដែលនឹងទទួលធ្វើជាប្រធាន ACCSM ពីឆ្នាំ២០២៤-២០២៦។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីអាទិភាពនានារបស់ប្រធាន ACCSM រួមទាំងការបង្កើតផែនការការងាររបស់ ACCSM ក្រោយឆ្នាំ២០២៥ និងយុទ្ធសាស្ត្រក្នុងការពង្រឹងតួនាទីរបស់ ACCSM នៅក្នុងការកសាងសហគមន៍អាស៊ាន ជាដើម។
នៅរសៀលថ្ងៃដដែល នៅទីក្រុង Bandar Seri Begawan លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលលោក Ted Osius ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC)។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងអាស៊ាន និង US-ABC ក៏ដូចជាបានរិះរកវិធីដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលអាចធ្វើទៅបានផ្សេងទៀត។
នៅល្ងាចដដែល នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងរៀបចំដោយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រុយណេ លោកស្រី Caryn R. McClelland។
នៅក្នុងឱកាសនោះ លោក Ted Osius ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) តំណាងមកពីរដ្ឋាភិបាលព្រុយណេ ព្រមទាំងក្រុមហ៊ុនសហរដ្ឋអាមេរិកមួយចំនួន ក៏បានចូលរួមក្នុងពិធីជប់លៀងនេះដែរ។
លោកអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យធុរកិច្ចអាមេរិក ទៅវិនិយោគច្រើនថែមទៀតនៅក្នុងតំបន់អាស៊ាន ដើម្បីចូលរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ក៏ដូចជា ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងអាស៊ាន និងសហរដ្ឋអាមេរិក៕