(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល នៃប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើស ទន្ទ្រានកាន់កាប់ដីព្រៃយកធ្វើកម្មសិទ្ធិខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី, លោក ឈាង ឡាក់ ក្រុមប្រឹក្សាខេត្ត, លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីសំណាក់ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា គណៈអភិបាលខេត្ត ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងសមត្តកិច្ច មេឃុំ ចៅសង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់។
មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំ លោក សរ សុពុត្រា បានបញ្ជាក់ថា ក្នុងនាមលោកជាថ្នាក់ដឹកនាំខេត្តមួយរូប បើទោះបីលោកអភិបាលទើបមកកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែងថ្មី ក៏ពិតមែនតែលោកសូមថ្លែងអំណរអរគុណ ចំពោះលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងជាប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតី ដែលបានដឹកនាំ ប្រតិបត្តិការផ្ទាល់ចុះបង្ក្រាប ទប់ស្កាត់បទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ក្នុងភូមិសស្ត្រាខេត្តស្ទឹងត្រែង បានសង្គ្រោះ និងរំដោះបានទាន់ពេលវេលា នៅផ្ទៃដី ព្រៃត្រឡប់មកវិញចំនួន០២កន្លែង គឺនៅតំបន់ភ្នំក្រឡាពស់ ក្នុងភូមិសាស្ត្រស្រុកសេសាន និងនៅតំបន់ឆែប-ព្រះរការ ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ សរុបជាង១ម៉ឺនហិកតា ក្នុងប្រតិបត្តិការយ៉ាងក្តៅគគុកតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើស ទន្ទ្រានកាន់កាប់ដីព្រៃ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃនេះ លោកបានមកដឹងនាំ ក្នុងប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើស ទន្ទ្រានកាន់កាប់ដីព្រៃ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង មានរយៈពេលជិត៣ខែមកហើយ ក្នុងនោះបានធ្វើការចាត់វិធានច្បាប់ទៅលើជនខលខូចជាមេខ្លោង និងបក្សពួកចំនួន ១៧នាក់ ដែលអូសទាញឱ្យទៅកាប់ទន្ទ្រាន ឬទិញលក់ ដីព្រៃរបស់រដ្ឋខុសច្បាប់ ព្រោះពេលនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ និងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះការទប់ស្កាត់ និងបង្រ្កាបបទល្មេីសដុតបំផ្លាញ និងកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋខុសច្បាប់នៅគ្រប់កន្លែង។
ក្នុងនោះដែរ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បន្តសំណូមពរដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមមេត្តាឈប់ជឿ និងឈប់ចាញ់បោកជនខិលខូចបន្តទៀត ព្រោះទីតាំងដីព្រៃដែលអាជ្ញាធរដកហូតយកមកវិញនោះ ពេលនេះ និងបានប្រគល់ទៅឱ្យសាម៉ីក្រសួង មានក្រសួងកសិកម្ម និងក្រសួងបរិស្ថានដើម្បីគ្រប់គ្រងវិញហើយ។
សូមបញ្ជាក់ផងដែរថា មេក្លោង និងបក្ខពួកចំនួន១៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើស ទន្ទ្រានកាន់កាប់ដីព្រៃយកធ្វើកម្មសិទ្ធិខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលបានបង្ក្រាបបាន និងកំពុងអនុវត្តផ្លូវច្បាប់ នៅពន្ធនាគារនៅឡើយទេ មិនមានការរត់ការដោះលែង ដូចជនអគតិ មួយចំនួន បានលើកឡើងនោះទេ៕