(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតថ្លែងអំណរគុណជូនជនរួមជាតិខ្មែរទាំងអស់ ដែលបានចូលផ្ញើសារជូនពរសម្ដេច ក្នុងឱកាសខួបចម្រើនជន្មាយុ ៧២ ឈានចូល៧៣ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ផងដែរ។
តាមរយៈលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ខ្ញុំព្រះករុណា ខ្ញុំ សូមទទួលដោយអំណរព្រះគុណ អំណរគុណយ៉ាងជ្រាលជ្រៅ និងមនោសញ្ចេតនាដ៏កក់ក្តៅបំផុតនូវសារលិខិត និងពាក្យពេចន៍ជូនពរតាមបណ្ដាញសង្គម ប្រកបដោយក្តីគោរពស្រឡាញ់រាប់អាន និងខ្លឹមសារប្រកបដោយពរជ័យ សិរីមង្គល មហាប្រសើរគ្រប់ប្រការ ពីព្រះសង្ឃគ្រប់ព្រះអង្គ និងលោកយាយ លោកតា ពុកម៉ែ បងប្អូន កូនក្មួយ ចៅៗទាំងអស់ទូទាំងប្រទេសកម្ពុជា និងដែលកំពុងរស់នៅឯក្រៅប្រទេសក្តី ជូនខ្ញុំព្រះ ករុណា ក្នុងឱកាសខួបកំណើតខ្ញុំព្រះករុណា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ដែលក៏ជាថ្ងៃ ប្រវត្តិសាស្ត្រនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ផងដែរ។
នាឱកាសដ៏ប្រពៃនេះ ខ្ញុំព្រះករុណា ខ្ញុំក៏សូមថ្លែងអំណរព្រះគុណ អំណរគុណដោយស្មោះអស់ពីដួងចិត្ត ប្រគេនជូន ព្រះសង្ឃគ្រប់ព្រះអង្គ និងលោកយាយ លោកតា ពុកម៉ែ បងប្អូន កូនក្មួយ និងចៅៗទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាង និងថែរក្សាសន្តិភាព សន្តិសុខ ការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ព្រមទាំងបានគាំទ្រពេញទំហឹង និងចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដើម្បីជាឧត្តមប្រយោជន៍ជាតិកម្ពុជាដ៏យូរអង្វែងតរៀងទៅ។
ខ្ញុំព្រះករុណា ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទាំងបី ទេវតាឆ្នាំថ្មី ទេវតារក្សាព្រះមហា ស្វេតច្ឆត្រ ព្រមទាំងព្រះរាជតេជបារមី នៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រោះព្រំ នូវសព្ទសាធុការពរជ័យប្រគេន-ជូនព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា ពុកម៉ែ បងប្អូន កូនក្មួយ និងចៅៗទាំងអស់ទាំងនៅក្នុង និងក្រៅប្រទេស សូមបានសមប្រកបដោយព្រះពុទ្ធពរនិងពរទាំងបំ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»៕