(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតថ្លែងអំណរគុណជូន សមាជិក សមាជិការរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ មន្ដ្រីរាជការ នៅគ្រប់ក្រសួងស្ថាប័ន ដែលបានចូលផ្ញើសារជូនពរសម្ដេច ក្នុងឱកាសខួបចម្រើនជន្មាយុ ៧២ ឈានចូល៧៣ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ផងដែរ។
តាមរយៈលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ជាបឋម ខ្ញុំ និងភរិយា សូមថ្លែងអំណរគុណប្រកបដោយសេចក្តីសោមនស្សរីករាយឥតឧបមា ដោយបានទទួលនូវសារលិខិតជូនពរដ៏មានអត្ថន័យ និងប្រកបដោយមនោសញ្ចេតនាស្រលាញ់រាប់អានដ៏កក់ក្តៅបំផុតចំពោះរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅគ្រប់ក្រសួង ស្ថាប័ន រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងក្នុងនិងក្រៅប្រទេស ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល ៧៣ឆ្នាំរបស់ខ្ញុំ ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជា ថ្ងៃប្រវត្តិសាស្ត្រនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ផងដែរ។
សារលិខិតជូនពរទាំងនេះ គឺជាសក្ខីភាព នៃទឹកចិត្តស្រលាញ់រាប់អានដ៏ឧត្ដុង្គឧត្តមចំពោះខ្ញុំដែលមិនអាចបំភ្លេចបានឡើយ។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងក្នុងនិងក្រៅប្រទេស នឹងបន្តខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញភារ កិច្ចចំពោះមុខ ដើម្បីការពារបាននូវសន្តិភាព ស្ថិរភាពនយោបាយ ឯការាជ្យភាព សាមគ្គីភាព អធិបតេយ្យភាព បូរណភាព ទឹកដី ព្រមទាំងរួមចំណែកប្រកបដោយថាមពល សម្រេចបានជោគជ័យក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការជំរុញក្បាលម៉ាស៊ីនដ៏រស់រវើកនៃកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រី រាជការ នៅគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ទាំងក្នុង និងក្រៅប្រទេស សូមសមប្រកប ដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ទាំងអស់ ទាំងក្នុងនិងក ប្រទេស ទទួលនូវការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា»៕