(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានជូនដំណឹងដល់ ប្រជាពលរដ្ឋ៦៥គ្រួសារ ដែលមានដីឡូតិ៍ ក្នុងតំបន់អភិវឌ្ឍន៍ ឫស្សីកែវ ស្ថិតនៅក្រុមទី១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យកឯកសារកាន់កាប់ដីធ្លីដែលបញ្ជាក់នៅ ការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលឫស្សីកែវ រៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការផ្ទៀងផ្ទាត់ឡើងវិញក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ជាកំណត់។
សេចក្តីជូនដំណឹងដដែលបានបន្ថែមថា ករណីប្រជាពលរដ្ឋ ៦៥គ្រួសារ មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹង ខាងលើនេះ រដ្ឋបាលខណ្ឌ មិនទទួលខុសត្រូវលើការបាត់បង់របស់ប្រជាពលរដ្ឋឡើយ។
ការជូនដំណឹងនេះ បានធ្វើឡើងក្រោយពីមានការបើកកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅសាលារាជធានិភ្នំពេញ រដ្ឋបាលខណ្ឌ បានបង្កើតក្រុមការងារចម្រុះមួយ ដើម្បីធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋ៦៥គ្រួសារឡើងវិញ ផ្ទៀងផ្ទាត់ជាមួយស្ថិតិចាស់ ដែលមានស្រាប់ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលឲ្យមានក្រុមការងារជំនាញរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីមានលទ្ធភាព ចុះធ្វើការវាស់វែង និងបែងចែកដីឡូតិ៍ជូនទៅប្រជាពលរដ្ឋដែលព្រមទទួលយកដំណោះស្រាយ ឈានទៅបញ្ចប់បញ្ហាទំនាស់ក្នុងតំបន់នោះ កុំឲ្យមានការអូសបន្លាយតទៅទៀត៕