(ភ្នំពេញ)៖ ក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យអនុវត្ត នូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចាប់ពីពេលនេះតទៅ បន្ទាប់ពីដំណើរពិគ្រោះយោបល់ដើម្បីទទួលធាតុចូល និងសំណូមពរពីគ្រប់តួអង្គភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍បានបិទបញ្ចប់។

ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយនិងបរិយាបន្ន ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤មក ដោយមានការចូលរួមយ៉ាងច្រើនពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ក្នុងការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយ ព្រមទាំងបានផ្តល់នូវធាតុចូលសម្រាប់ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

មានវិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកម្ពុជា សម្រាប់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអង្គភាពផ្សេងៗទៀត។

ក្រសួងព័ត៌មានសូមថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានសមាគមអ្នកសារព័ត៌មាន អង្គការ UNESCO និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានមកចូលរួមក្នុងដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖