(កណ្តាល)៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើន ក្នុងនោះគ្រាន់តែស្បៃមុងក្រឡាញឹក មានរហូតដល់ជាង១,៦ម៉ឺនម៉ែត្រ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល និងនគរបាលស្រុកកោះធំ យកទៅដុតចោលភ្លាមៗ បន្ទាប់ពីបានចុះបង្ក្រាប និងរឹបអូសពីក្រុមឈ្មួញជនជាតិវៀតណាម ខណៈកំពុងនេសាទខុសច្បាប់ ពេញមួយព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅលើផ្ទៃទឹក ចំណុចចុងព្រែក ក្នុងទឹកព្រែកឡស្រា ស្ថិតក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

សូមបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំខាងលើនេះ បានធ្វើឡើងក្រោយពីមានបញ្ជាផ្ទាល់ពីអភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក លឹម សុគន្ថា ទើបកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកកោះធំ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន។ លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ដែលបានរកស៊ីពាក់ព័ន្ធនឹងបទល្មើសខាងលើនេះ។ ជនជាតិវៀតណាមទាំង៤នេះរួមមានទី១-ឈ្មោះ ង្វៀង យ៉ាំងត អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ទី២-ឈ្មោះ យ៉ យ៉ាំងសាង អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ទី៣-ឈ្មោះ ប៊ូយ ធីហាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ និងទី៤-ឈ្មោះ ង្វៀង ធីង៉ា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ដែលអ្នកទាំង៤នាក់ រស់នៅភូមិអាបហាយ ឃុំយឹងងូយ ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។

បើតាមលោកអធិការស្រុក ឧបករណ៍នេសាទដែលបង្ក្រាបបានរួមមាន៖ ស្បៃមុងក្រឡាញឹក(សៃយ៉ឺន), ព្រួល និងឡុក, លប១០០ស្រទាប់ ឬលបឆ្គួតមួយចំនួនធំ, កូនត្រីប្រមាណជាង១តោន(២ទូក) និងទូកមានម៉ាស៊ីននេសាទចំនួន០២គ្រឿងផងដែរ។ លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា «នៅថ្ងៃនេះ ដោយមានបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត កម្លាំងជំនាញខេត្តដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ច និងចុះសហការជាមួយ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ចុះបទល្មើសសេដ្ឋកិច្ច នៅចំណុចខាងលើ និងដកហូតសម្ភារៈមួយចំនួនបានរៀបរាប់ខាងលើ ហើយត្រូវយកទៅដុតកម្ទេចចោលភ្លាមៗតែម្តង»

សម្រាប់ជនជាតិវៀតណាមទាំង៤នាក់ ត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការបន្តទៀតតាមនីតិវិធី៕


(អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន)