(កណ្ដាល)៖ បន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីសំណាក់បងប្អូនប្រជាពលរដ្ឋថា មានរថយន្តដឹកកូនត្រី (ត្រីនុយ)ល្មើសច្បាប់ ឆ្លងកាត់ទឹកដីខេត្តកណ្ដាលរួចមក កម្លាំងសមត្ថកិច្ចនៃខណ្ឌជលផលខេត្ត បានបើកប្រតិបត្តិការ ចុះបង្ក្រាបទាំងយប់ រំលងអាធ្រាត្រ ដោយចាប់បានរថយន្តកូរ៉េមួយគ្រឿង ផ្ទុកទៅដោយនុយកូនត្រីប្រមាណជាង៥តោន។ ការបង្ក្រាបនេះ បានធ្វើ ឡើងនាម៉ោង២៖៤៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុច តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។
លោក វ៉ិត ធារិទ្ធ នាយខណ្ឌជលផលខេត្តកណ្ដាល បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា នេះថា រថយន្តដឹកកូន ត្រីខុសច្បាប់នេះ គឺដឹកចេញពីខេត្តពោធិ៍សាត់ ឆ្ពោះមកខេត្តកណ្ដាល ដើម្បីធ្វើការចែកចាយបន្ត ប៉ុន្តែក្រោយពីទទួលបានព័ត៌ មានច្បាស់ការ ពីប្រជាពលរដ្ឋរួចមក លោកបានបញ្ជាឲ្យកម្លាំងចុះបង្ក្រាបទាំងយប់តែម្ដង ហើយជាលទ្ធផល យើងរឹបអូសបាន កូនត្រី ប្រមាណជាង៥តោន និងរថយន្តកូរ៉េ១គ្រឿង ដើម្បីយកមករក្សាទុក ចាត់ការបន្តតាមផ្លូវច្បាប់។
នាយខណ្ឌជលផលខេត្តកណ្ដាលរូបនេះ បានបន្តទៀតថា រថយន្តដឹកកូនត្រីទាំងនេះ អាចមានរាល់យប់ចំនួនពី១០ ទៅ២០តោន ហើយមានប្រមាណ៥ទៅ៦ឡាន ខណៈកូនត្រីល្អិត (ត្រីនុយ) ដែលមានចំនួនជាង៥តោននេះ ប្រសិនបើយើងទុកឲ្យវាដល់ធំ គឺមានទម្ងន់រហូតដល់២០ ទៅ៣០តោន ។ ចុះបើ១យប់ៗមានរហូតដល់ទៅ៥ ឬ៦ឡាន ដឹកកូនត្រីទាំងនេះ គឺអាចខាតបង់ត្រី រាប់រយតោនឯណោះ ពេលត្រីនេះធំឡើង។
លោក វ៉ិត ធារិទ្ធ បានសង្កត់ធ្ងន់ថា លោកសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ឬឈ្មួញនានា ត្រូវបញ្ឈប់ជាបន្ទាន់ នូវការដឹក ជញ្ជូនផលនេសាទខុសច្បាប់ ហើយបើប្រជានេសាទ ចង់ប្រកបមុខរបរនេសាទ លោកនឹងផ្តល់ជាពូជកូនត្រី សម្រាប់ចិញ្ចឹម ដោយមិនគិតថ្លៃ ព្រមទាំងថែមការបង្រៀន នូវបច្ចេកទេសក្នុងការចិញ្ចឹម មើលថែទាំត្រី ដល់បងប្អូនប្រជានេសាទ ថែមទៀតផង។
លោកបន្តថា ការប្រកាសផ្ដល់ពូជកូនត្រី ដល់បងប្អូនប្រជានេសាទ នៅពេលនេះ គឺដើម្បីជួយសម្រួលដល់ពួកគាត់ ក្នុងការបង្កើត ការងារក្នុងគ្រួសារ ដោះស្រាយបញ្ហាប្រឈមនានា មានមុខរបរពិតប្រាកដ ជៀសផុតពីការនេសាទត្រី ឬដឹកផលនេសាទខុសច្បាប់ នឹងធ្វើឲ្យជីវភាពគ្រួសារប្រសើរឡើង៕