(កំពង់ឆ្នាំង)៖ តាមការចាត់តាំងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង, លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្ត មន្រ្តីពាក់ព័ន្ធ បានចុះជួបបងប្អូនប្រជាពលរដ្ឋ និងបានរៀបចំរបាយការណ៍លម្អិតអំពីការវាស់វែងក្បាលដីចំនួន៦៥៧២ គោរពជូន ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចេញបណ្ណកម្មសិទ្ធិដី ជូនប្រជាពលរដ្ឋ។
សកម្មភាពនេះ ធ្វើឡើងក្រោយមានសំណើពីឃុំសេដ្ឋី នៃខេត្តកំពង់ឆ្នាំងពាក់ព័ន្ធនឹងបញ្ហាដីប្រជាពលរដ្ឋចំនួន៥ភូមិមដែលមិនទាន់ទទួលប្លង់កម្មសិទ្ធិ តាមរយៈសមាគមក្រុមការងារ១០០រាត្រី គោរពជូនថ្នាក់ដឹកនាំគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីជួយអន្តរាគមន៍ចេញប័ណ្ណកម្មសិទ្ធិ។
សមាគមក្រុមការងារ១០០រាត្រី និងសហភាពអង្គការសង្គមស៊ីវិល និងអង្គការសមាគមចំណុះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជំពោះ ថ្នាក់ដឹកនាំគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំក្រសួងដែនដី និងមន្រ្តីមានសមត្ថកិច្ច ដែលបានប្រឹងប្រែងជម្រុញចេញប័ណ្ណកម្មសិទ្ធិដីជូនប្រជាពលរដ្ឋចំនួន ៥ភូមិ ស្ថិតនៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងនាមជាថ្នាក់ដឹកនាំសមាគម សូមជូនពរថ្នាក់ដឹកនាំគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំក្រសួងដែនដីជួបតែសេចក្ដីសុខគ្រប់ប្រការ និងជូនពរប្រជាពលរដ្ឋក្នុងភូមិទាំង៥ ទទួលបានសេចក្ដីសុខ និងជោគជ័យ រស់នៅសប្បូរសប្បាយក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕