(ភ្នំពេញ)៖ ថ្លែងក្នុងកម្មវិធីបឋកថាជូនដល់សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រោមប្រធានបទ «គោលនយោបាយពាណិជ្ជកម្មកម្ពុជា», លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការពិសេសជំរុញការដោះស្រាយបញ្ហាវិស័យឯកជន បានលើកឡើងថាការប្រកួតប្រជែងអំពីភូមិសាស្រ្តនយោបាយ និងការប្រែប្រួលអាកាសធាតុ ទាមទារអោយកម្ពុជាត្រូវពង្រឹងភាពខ្លាំងក្នុងការប្រកួតប្រជែង ដើម្បីបន្តជំរុញកំណើនវិស័យពាណិជ្ជកម្មនៅកម្ពុជា។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិលប្រៃសណីយ៍នវានុវត្តន៍រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានគូសបញ្ជាក់ថា បឋកថាដែលរៀបចំធ្វើនៅថ្ងៃនេះ គឺជាធាតុចូលសំខាន់មួយថ្មីទៀតសម្រាប់ សមាជិកសមាជិការដ្ឋសភានិងថ្នាក់ដឹកនាំ មន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់យកទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន ដើម្បីរួមចំណែកដល់ការជំរុញអនុវត្តនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ឱ្យទទួលបានប្រសិទ្ធភាពដើម្បីជាឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជាជនកម្ពុជា។
បន្ថែមពីនេះ លោកជំទាវ និន សាផុន បានបន្តថារដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្រ្តីដំបូងនៅកម្ពុជា ទទួលបានតួនាទីដឹកនាំស្ថាប័នរដ្ឋសភា មានឆន្ទៈមោះមុតក្នុងការអនុវត្តតួនាទីស្នូលរបស់ខ្លួន សម្រេចបាននូវលទ្ធផលកាន់តែច្រើននៅក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋស្របទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលរដ្ឋសភាបានអនុម័ត ក្នុងនោះការពង្រឹងការងារការទូតសភាដែលពាក់ព័ន្ឋនឹងការងារសេដ្ឋកិច្ចពាណិជ្ជកម្ម ក៍ទទួលបានការយកចិត្តទុកដាក់ពីរដ្ឋសភាផងដែរ។
មុននឹងចែករំលែកព័ត៌មានចំណេះដឹងលម្អិត ពាក់ព័ន្ឋនឹងប្រធានបទនៅថ្ងៃនេះ លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានរំលឹកឡើងវិញពីតំលៃនៃសុខសន្តិភាព ទស្សនវិស័យនយោបាយវែងឆ្ងាយច្បាស់លាស់ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា ពិសេសពាក់ព័ន្ឋនឹងការធ្វើសមាហរណកម្មកម្ពុជា ទំាងផ្នែកនយោបាយនិងពាណិជ្ជកម្មនៅក្នុងតំបន់និងសកលោក, ការចូលជាសមាជិកអាស៊ាន, សមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO), ការចូលជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើមសុទ្ឋសឹងតែជាស្ពានតភ្ជាប់សេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជាទៅក្នុងតំបន់និងសកលលោក។
ជាមួយគ្នានេះ សាស្រ្តាចារ្យបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីនិន្នាការប្រែប្រួលរបស់សកលលោក ដែលហាក់ដូចជាងាកចេញពីក្របខណ្ឌ WTO វិបត្តិសកលនានាដែលកំពុងប្រឈម មានជំងឺរាតត្បាត និងការប្រកួតប្រជែងអំពីភូមិសាស្រ្តនយោបាយ និងការប្រែប្រួលអាកាសធាតុជាដើម ដែលទាមទារអោយកម្ពុជាត្រូវពង្រឹងភាពខ្លាំងរបស់ខ្លួនក្នុងការប្រកួតប្រជែង ដើម្បីបន្តជំរុញកំណើនវិស័យពាណិជ្ជកម្មកម្ពុជា ឱ្យមានការរីកចម្រើនរឹងមាំបន្ថែមទៀតពោលគឺទំាងរាជរដ្ឋាភិបាល រដ្ឋសភា និងគ្រប់ភាគីពាក់ព័ន្ឋត្រូវរួមគ្នា ទោះក្នុងកាលៈទេសៈណាក៏ដោយដាច់ខាត សេដ្ឋកិច្ចកម្ពុជាត្រូវតែបន្តរឹងមាំនិងមានភាពធន់។
តាមរយៈ សាស្រ្តាចារ្យបណ្ឌិតសភាចារ្យ,កម្ពុជាត្រូវបន្តចចារដើម្បីចូលជាសមាជិកអង្គការពាណិជ្ជកម្មអន្តរជាតិ ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវិវឌ្ឍទៅមុខនៃភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (Comprehensive and Progressive Agreement for Trans-Pacific Partnership ) ឬហៅកាត់ថា CPTPP។
លើសពីនេះទៅទៀត គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក៏ត្រូវសហការរួមគ្នា ធ្វើឱ្យយុទ្ធសាស្រ្តបញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាវបរធិបតី ហ៊ុន ម៉ាណែត សម្រេចតាមផែនការយុទ្ឋសាស្ត្រដែលបានគ្រោងទុក។
សាស្រ្តាចារ្យបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថាជំហានបន្ទាប់ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០និងឆ្នាំ២០៥០ខាងមុខ កម្ពុជាត្រូវបន្ត៖
*ទី១៖ ចចារដើម្បីក្លាយជាសមាជិកក្របខណ្ឌភាពជាដៃគូពាណិជ្ជកម្មថ្មីៗបន្ថែមទៀត
*ទី២៖ បង្កើនផលិតភាពក្នុងស្រុក
*ទី៣៖ បង្កើតលក្ខខណ្ឌសមប្រកប សម្រាប់បានការវិនិយោគ
*ទី៤៖ បន្តកំណែទម្រង់ស៊ីជម្រៅ ដើម្បីឱ្យស្របតាមរបត់ពាណិជ្ជកម្មសកល ឧទាហរណ៍យន្តការពាណិជ្ជកម្មស្របតាមច្បាប់អាកាសធាតុរបស់អឺរ៉ុបជាដើម។
គួររំលឹកដែរថា ដើម្បីសម្រួលការងាររបស់រាជរដ្ឋាភិបាលនិងធ្វើអោយសម្រេចបាន នូវការចូលរួមចំណែកលើកកម្ពស់វិស័យពាណិជ្ជកម្ម រដ្ឋសភានៅក្នុងនីតិកាលទី៦កន្លងមកក៍ដូចជានៅក្នុងនីតិកាលទី៧នេះ បានតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដើម្បីទ្រទ្រង់វិស័យពាណិជ្ជកម្មក្នុងប្រទេស និងពាណិជ្ជកម្មអន្តរជាតិ,ទាក់ទាញអ្នកវិនិយោគតាមរយៈការបង្កើតបរិស្ថានធុរកិច្ច ប្រកបដោយភាពជឿទុកចិត្ត និងតម្លាភាពមានដូចជា ច្បាប់ស្តីវិធានកំណើតទំនិញ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡេចត្រូនិច ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីការសុវត្ថិភាពអាហារ ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ព្រមទំាងលិខិតបទដ្ឋានគតិយុត្តនានាជាច្រើនទៀតផងដែរ៕