(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភាទាំងអស់ ដែលបានចូលផ្ញើសារជូនពរសម្ដេច ក្នុងឱកាសខួបចម្រើនជន្មាយុ ៧២ ឈានចូល៧៣ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ផងដែរ។
តាមរយៈលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ទូលបង្គំ ខ្ញុំ និងភរិយា មានសមានចិត្តសោមនស្សរីករាយជាអតិបរមា ដោយបានទទួលនូវព្រះរាជសារថ្វាយព្រះពរ និងសារលិខិតជូនពរដ៏មានអត្ថន័យ និងប្រកបដោយមនោសញ្ចេតនាដ៏កក់ក្ដៅបំផុតរបស់ ឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ សម្តេចរាជបុត្រីព្រះអនុជ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល ៧៣ ឆ្នាំ របស់ទូលបង្គំ ខ្ញុំ ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្ត្រនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ផងដែរ។
ព្រះរាជសារ និងសារលិខិតជូនពរទាំងនេះ គឺជាសក្ខីភាពនៃទឹកព្រះទ័យ និងទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាល ជ្រៅចំពោះទូលបង្គំ ខ្ញុំ ដែលមិនអាចបំភ្លេចបានឡើយ។ ទូលបង្គំ ខ្ញុំ មានជំនឿយ៉ាងមុតមាំថា ឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ សម្តេចរាជបុត្រីព្រះអនុជ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា ជាពិសេសចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នឹងបន្តកិច្ចខិតខំប្រឹងប្រែង យកអស់ កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី សម្រេចបាននូវសមិទ្ធផលដ៏ល្អថ្លៃថ្លា ធ្វើឱ្យព្រឹទ្ធសភានីតិកាលទី៥ ទទួលបាននូវការរីក ចម្រើនវិសេសវិសាល ជាឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជននយើង។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលបង្គំ ខ្ញុំ និងភរិយាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ និងជូន ឯកឧត្តម អនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ សម្តេចរាជបុត្រីព្រះអនុជព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សមប្រកបដោយព្រះពុទ្ធពរនិងពរ ទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ សម្តេចរាជបុត្រីព្រះអនុជ ព្រះអង្គម្ចាស់ ឯកឧត្តម លោក ជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទទួលនូវការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅពីទូលបង្គំ ខ្ញុំ និងភរិយា»៕