(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតថ្លែងអំណរគុណជូន លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានចូលផ្ញើសារជូនពរសម្ដេច ក្នុងឱកាសខួបចម្រើនជន្មាយុ ៧២ ឈានចូល៧៣ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ផងដែរ។

តាមរយៈលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំសូមថ្លែងអំណរគុណប្រកបដោយបិតិសោមនស្សរីករាយក្រៃលែង ដែលបានទទួលលិខិតជូនសព្ទសាធុការពរ បវរមហាប្រសើរ ពី ឯកឧត្តម និងលោកជំទាវ ជូនចំពោះខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល ៧៣ឆ្នាំ របស់ខ្ញុំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្ត្រនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ផងដែរ។

ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លានេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ គ្រប់ប្រការ ជូន ឯកឧត្តម និងលោកជំទាវ សូមបានសមប្រកបដោយព្រះពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕