(កំពង់ធំ)៖ ដោយសារសាលារៀនមួយចំនួនក្នុងខេត្តកំពង់ធំមាន ទីតាំងស្ថិតនៅត្រើយម្ខាងដងស្ទឹងសែន ក្នុងភូមិសាស្ត្រ ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ មិនទាន់មានស្ពានសម្រាប់សិស្សានុសិស្សឆ្លងទៅសាលារៀននៅឡើយ ជាពិសេស នៅរដូវវស្សា។
កន្លងមក សិស្សានុសិស្សបានធ្វើដំណើរទៅ សាលារៀនដោយឆ្លងតាមទូក-ដ ឯកជនតូចៗដែលមានហានិភ័យខ្ពស់មិនអាចធានាបាននូវសុវត្ថិភាពសម្រាប់សិស្សានុសិស្សហើយក៏ធ្លាប់មានករណីលិចទូកដរចម្លងបណ្តាល ឱ្យសិស្សមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
ជាក់ស្តែង ព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៤ លោក ប៉េង ណាវុធ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, លោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ, លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានចុះពិនិត្យ ទិដ្ឋភាពជាក់ស្តែងនៅ នៅត្រើយម្ខាងដងស្ទឹងសែន ក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់។
លោក ងួន រាសី បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ប្រជាកសិករ សិស្សានុសិស្សបានចរាចរណ៍ឆ្លងកាត់រួមមាន៖
*ទី១៖ ឃុំឈូក ស្រុកប្រាសាទសំបូរ មាន១៦ ភូមិ មាន២,៨៥២គ្រួសារ ប្រជាពលរដ្ឋសរុប ១២,៣៧៩នាក់ ធ្វើដំណើរឆ្លងកាត់ទៅមកចន្លោះពី ១៥០-២០០នាក់ក្នុង១ថ្ងៃ។
*ទី២៖ ឃុំស្រើង ស្រុកប្រាសាទសំបូរ មាន៩ ភូមិ មាន១,៥៨៧ គ្រួសារ ប្រជាពលរដ្ឋសរុប៦,៦៨៧នាក់ ធ្វើដំណើរឆ្លងកាត់ទៅមកចន្លោះពី ៥០-១០០នាក់ក្នុង១ថ្ងៃ។
អភិបាលរងខេត្តកំពង់ធំ បានបន្តថា ចំពោះ ឃុំមានជ័យ ស្រុក សណ្តាន់ មានចំនួន ១១ភូមិ មាន១៧៩២គ្រួសារ ប្រជា ពលរដ្ឋ សរុបចំនួន ៧៥២៩នាក់ ធ្វើដំណើរឆ្លងកាត់ទៅមកចន្លោះពី ៦០០ ទៅ៧០០នាក់។ ឃុំក្លែង ស្រុកសណ្តាន់ មានចំនួន៨ភូមិ មាន ៩៥៧គ្រួសារ ប្រជា ពលរដ្ឋ សរុបចំនួន ៥១៥៧នាក់ ធ្វើដំណើរឆ្លងកាត់ទៅមកចន្លោះពី ៦០០-៧០០នាក់ក្នុង១ថ្ងៃ។
ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល និងរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលបានគិតគូរ និងសុខទុក្ខរបស់គាត់ក្នុងការធ្វើដំណើរផ្លូវទឹក ដោយផ្តល់ នូវសាឡង់ជូនពួកគាត់ ខាងមុខនេះ៕