(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាព របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារផ្សព្វផ្សាយអប់រំមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ និងគោល-ការណ៍នៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) របស់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។

អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារតាមរបៀបវារៈ ម្តងមួយៗ បន្ទាប់មក អង្គប្រជុំ គ.ជ.ប បានសម្រេចលើឯកសារទាំងនោះដូចខាងក្រោម៖

១៖ ឯកភាព និងកែសម្រួលលើឯកសារបោះពុម្ពផ្សាយសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ រួមមាន ៖
* ឯកភាពលើខ្លឹមសារខិត្តបណ្ណសំណួរ ចម្លើយ
* បានកែសម្រួល និងឯកភាពជាគោលការណ៍លើកូនសៀវភៅផ្នត់សម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
២៖ ឯកសារបោះពុម្ពផ្សាយសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ រួមមាន៖
* ឯកភាពលើស្ទិកគ័រ (Sticker) ស្តីពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤
* បានកែសម្រួលលើសៀវភៅអប់រំសម្រាប់អ្នកចុះឈ្មោះបោះឆ្នោត។
៣៖ បានកែសម្រួល និងឯកភាពលើឯកសារគោលការណ៍នៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) របស់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។

ពាក់ព័ន្ធនឹងចំណុចទី៣ ខាងលើនេះ លោក ប្រាជ្ញ ចន្ទ បានណែនាំ ដល់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឲ្យរៀបចំគោលការណ៍ខាងលើនេះឡើងវិញ រួចត្រូវពិភាក្សាជាមួយក្រសួងមហាផ្ទៃ ឲ្យបានស៊ីជម្រៅ ដើម្បីសុំគោលការណ៍ទៅរាជរដ្ឋាភិបាលជាបន្តទៀត៕