(ភ្នំពេញ)៖ ថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤, លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ៤៧% នៃសំណុំរឿងសរុបដែលប្រជាពលរដ្ឋប្ដឹង គឺស្នើសុំឱ្យក្រសួងត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ ខណៈដែល ៥៣%ទៀតជាបណ្ដឹងស្នើសុំជំរុញពន្លឿន។
គិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ០២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹងនិងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ (១) យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២) យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្ត យុទ្ធនាការរយៈពេល ៦ខែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស ដែលបង្ហាញអំពីលទ្ធផល សំខាន់ៗនៃការអនុវត្តយុទ្ធនាការទាំងពីរខាងលើដូចខាងក្រោម៖
*ទី១៖ ក្នុងរយៈពេល ៦ខែកន្លងទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស បានចាត់ការសំណុំរឿងទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀតបានចំនួន ៧៨,៣៦៥ ស្មើនឹង៦៤% នៃសំណុំរឿងសរុបចំនួន ១២១ ៥៥៣ ក្នុងនោះមានទាំងសំណុំរឿងដែលមាន មុនពេលប្រកាសបើកយុទ្ធនាការចំនួន ៥៧ ៦៨៩ និងសំណុំរឿងដែលចូលថ្មីរយៈពេល ៦ខែ ក្រោយពេល ប្រកាសបើកយុទ្ធនាការ ចំនួន ៦៣ ៨៦៤
*ទី២៖ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានប្រកាសទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋទាំងអស់ ដែលយល់ឃើញថាចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពមិនប្រក្រតី ហើយក្នុងរយៈពេល ៦ខែ គិតចាប់តាំងពីពេលប្រកាសបើកយុទ្ធនាការ មានពាក្យបណ្ដឹងចំនួនសរុប ១,៤៧៤ បានប្ដឹងមកកាន់លេខាធិការដ្ឋាន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋស្នើសុំឱ្យជម្រុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ មានចំនួនសរុប ៧៨៦ បណ្តឹង ស្មើនឹង ៥៣% នៃបណ្តឹងសរុប ដែលក្នុងចំណោមបណ្តឹងស្នើសុំជម្រុញ និងពន្លឿនទាំង ៧៨៦ បណ្តឹងនោះ តុលាការបានដោះស្រាយរហូតដល់ទៅ ៦៣០ ករណី ស្មើនឹង ៨០%។ ចំណែកឯ ពាក្យបណ្ដឹងដែលប្រជាពលរដ្ឋប្តឹងស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីមានចំនួន ៦៩៨ បណ្ដឹង ស្មើនឹង ៤៧% នៃបណ្តឹងសរុប ដែលក្នុងនោះជាងពាក់កណ្ដាលនៃបណ្តឹងនេះ, តុលាការនៅពុំទាន់បានធ្វើការជំនុំជម្រះនៅឡើយ ដោយប្រជាពលរដ្ឋគ្រាន់តែមានការព្រួយបារម្ភតែប៉ុណ្ណោះ»។
ជាមួយគ្នានេះ លោកបានបន្ថែមទៀតថា គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការចាត់ការបាន ៣៦% នៃបណ្ដឹងដែលសង្ស័យថា មានភាពមិនប្រក្រតីទាំង៦៩៨។ ក្រុមការងារពិសេសត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានធ្វើការពិនិត្យលើសំណុំរឿងដែលមានភាពស្មុគស្មាញចំនួន ១០០ករណី ហើយបានរកឃើញថាមាន ៧៣ករណី ដែលតុលាការបានចេញសេចក្តីសម្រេចដោយមានសំអាងហេតុ និងសំអាងច្បាប់ត្រឹមត្រូវ, ហើយ១៤ករណី មានភាពសង្ស័យថាអាចមានភាពមិនប្រក្រតី ហើយបានស្នើសុំឱ្យតុលាការពិនិត្យឱ្យបានម៉ត់ចត់និងត្រឹមត្រូវ, ៩ករណី បានចាត់ឱ្យមានការចុះធ្វើអធិការកិច្ច ហើយ៤ករណីទៀត ត្រូវបានរកឃើញថាមានភាពមិនប្រក្រតី ដែលភាគី អាចស្នើសុំឱ្យមានការជំនុំជម្រះសាជាថ្មី។
ពាក់ព័ន្ធនឹងករណីនេះ គណៈកម្មការដឹកនាំ និងអនុវត្ត យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នឹងបន្តខិតខំបង្កើន ល្បឿនក្នុងការដោះស្រាយពាក្យបណ្ដឹងអំពីភាពមិនប្រក្រតីដែលនៅសេសសល់។
នាឱកាសជួបសំណេះសំណាលនេះផងដែរ លោក ជិន ម៉ាលីន បានលើកឡើងពីយន្តការនៃកិច្ចសហការគ្នារវាងបណ្ដាញសារព័ត៌មាន និងក្រសួងយុត្តិធម៌ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ តម្លាភាព និងសុក្រឹត្យភាពជុនដល់បងប្អូនប្រជាពលរដ្ឋ ដែលយន្តការនៃកិច្ចសហការណ៍នោះរួមមាន៖
*ទី១៖ បន្តនូវការផ្សព្វផ្សាយការងារតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រសិនជាមានប្រជាពលរដ្ឋបង្ហាញពីភាពអយុត្តិធម៌ ឬភាពមិនប្រក្រតីណាមួយរបស់ចំណាត់ការតុលាការ ត្រូវជូនដំណឹងដល់ក្រសួងផងដែរ
*ទី២៖ អ្នកសារព័ត៌មានត្រូវធ្វើជាស្ពានចម្លងពីប្រជាពលរដ្ឋទៅកាន់ក្រសួង ឬផ្ដល់ជាការណែនាំ ផ្ដល់យោបល់ ឬផ្ដល់ព័ត៌មានផ្សេងៗអំពីយុទ្ធនាការទាំង៣របស់ក្រសួង
*ទី៣៖ ត្រូវផ្សព្វផ្សាយអំពីសមិទ្ធផលដែលក្រសួង បានធ្វើការដោះស្រាយ ជាពិសេសផ្សព្វផ្សាយពីរបៀបនៃការដាក់ពាក្យបណ្ដឹងមកកាន់ច្រកចេញចូលតែមួយ៕