(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់ក្រុមគ្រួសារសព លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានដឹកនាំក្រុមការងារចុះមកដល់ផ្ទះក្រុមគ្រួសារសពទាំងពីរ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយយ៉ាងក្រៃលែង ជូនក្រុមគ្រួសារសព លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងថា «សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺបានតាមដានព័ត៌មានជាប់ជានិច្ចពីករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ តាំងពីថ្ងៃទទួលដំណឹងថា មានករណីធ្លាក់ឧទ្ធម្ភាគចក្រ លើខ្នងភ្នំយ៉ាវយ៉ៃ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤មកម្ល៉េះ។ ជាពិសេសគ្រាន់តែលឺដំណឹងថា រកឃើញសពអ្នកបើកបរយន្តហោះម្នាក់ទៀត ភ្លាមនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏មិនអង្អង់យូរឡើយបានទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទដោយផ្ទាល់ ទៅកាន់នាយឧត្តមសេនីយ៍ គន់ គីម ដែលកំពុងនៅតំបន់រុករកនោះ ដើម្បីសាកសួរនាំព័ត៌មាននេះឱ្យបានលម្អិត និងបានសម្ដែងនូវការសោកស្ដាយ និងចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព។
«បើនិយាយពីទំហំចិត្ដនៃគិតគូរ គឺមកដល់ថ្ងៃនេះហើយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នៅតែបារម្ដពីសុខទុក្ខរបស់កូនចៅដែលជាក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារដោយមិនបានលាគ្នាជាចុងក្រោយ ជាងនោះទៅទៀតគឺបានបន្សល់គ្នាទុកកូនតូចៗជាបន្ទុកដល់ភរិយា ដែលនេះគឺគ្រាមួយដ៏លំបាកបំផុត រកអ្វីមកផ្ទឹមពុំបានឡើយ ដូច្នេះហើយ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ខ្ញុំមកសួរសុខទុក្ខផ្ទាល់ ដើម្បីស្វែងយល់ពីផលវិបាកអ្វីខ្លះទៀត ដែលត្រូវរ៉ាប់រងក្រៅពីកូនតូចៗនៅក្នុងបន្ទុក ដើម្បីជួយសម្រាលបន្ទុកដ៏សែនធ្ងន់នេះបានខ្លះ បន្ទាប់ពីបាត់បង់ប្ដីដែលជាបង្គោលគ្រួសារដ៏រឹងមាំ និងកក់ក្ដៅ»។
ក្នុងឱកាសនោះលោកស្រីបណ្ឌិត អ៊ុក ម៉ាលី «ក៏បានលើកទឹកចិត្ដដល់ភរិយានៃសពទាំងពីរ ត្រូវថែរក្សាសុខភាព ដើម្បីបន្ដជាបង្គោលគ្រួសារជំនួសប្ដីដែលបានលាចាកលោកដោយគ្មានថ្ងៃត្រលប់វិញ។ ជាពិសេសមើលថែកូនៗដែលនៅតូចណាស់, គាត់បានបាត់បង់ឪពុកហើយ សូមកុំឱ្យបាត់វត្ដមានរបស់ម្ដាយម្នាក់ទៀត»។
ទន្ទឹមនឹងនោះលោកស្រីបានណែនាំ ក៏ដូចជាផ្ដាំផ្ញើឱ្យក្រុមគ្រួសារសពទាំងពីរខាងលើនេះ បន្ដខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េច ជំរុញកូនៗឱ្យបានសិក្សារៀនសូត្រ ចប់ចុងចប់ដើម ដើម្បីឱ្យកូនមានចំណេះដឹង មានភាពរឹងមាំ ក្លាយជាធនធានប្រកបដោយសមត្ថភាពខ្ពស់អាចជាទីពឹងពុំនាក់សម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ ។
ជាមួយគ្នានោះដែរ ក្រុមគ្រួសារសពទំាងពីរខាងលើនេះ បានលើកដៃប្រណមទាំងទឹកភ្នែកហូរ រំភើបនឹងការយកចិត្ដទុកដាក់របស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមិនទុកឱ្យកូនចៅឱ្យរងារម្នាក់ឯងនោះឡើយ តែងតែជួយសម្រាលទាំងផ្លូវចិត្ដ និងជីវភាព មកដល់កូនចៅកម្ពុជាគ្រប់ៗរូប។
សូមជម្រាបថា សពអាកាសយានិកទាំង២៖ គ្រួសាររបស់អ្នកបើកបរឈ្មោះ ស៊ុន ផល្លា, ប្រពន្ធឈ្មោះ ខាន់ ចាន់ឆុល អាយុ៣៨ឆ្នាំ, កូនប្រុស ខន រតនៈបញ្ញា អាយុ១២ឆ្នាំ, កូនស្រី ខន រតនៈលីហ្សា អាយុ៩ឆ្នាំ អាសយដ្ឋាន ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គ្រួសាររបស់អ្នកបើកបរ ខេង ឆៃយុទ្ធ, ប្រពន្ធឈ្មោះ ឆែម កល្យាណ អាយុ៣១ឆ្នាំ, កូនស្រី ខេង ឌឹមរកត អាយុ៥ឆ្នាំ, កូនប្រុស ខេង ឌីវិភព អាយុ៣ឆ្នាំ រស់នៅភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
គូសរម្លឹកថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនត្រឹមតែគិតគូរដល់សព និងគ្រួសារសពទាំងពីរខាងលើនោះទេ ដោយកំលុងនៃការរកឃើញសពអាកាសយានិកទាំងពី មាតាមនុស្សធម៌ ក៏បានគិតគូ និងឧបត្ថម្ភថវិកាចំនួន ៤០០លានរៀល ដល់កងកម្លាំងប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅតំបន់ជួរភ្នំក្រវាញ ដើម្បីលើកទឹកចិត្តជូនពួកគាត់ ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងអាកាសយានិក ២នាក់ រហូតដល់ទទួលបានជោគជ័យ។
ដោយក្នុងនោះកម្លាំងប្រតិបត្តិការបានប្រទះឃើញឧទ្ធម្ភាគច្រ នៅចង្កេះភ្នំយ៉ាវយ៉ៃ នារសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ហើយក៏បានរកឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ នៅនឹងកៅអីឧទ្ធម្ភាចក្រនោះ។ បន្ទាប់មកនៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងរុករក ក៏បានប្រទះឃើញអាកាសយានិកម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ដែលបានស្លាប់បាត់បង់ជីវិត នៅចម្ងាយប្រមាណ២១០ម៉ែត្រ ពីចំណុចធ្លាក់ឧទ្ធម្ភាគចក្រ។
ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សម្រាប់ប្រតិបត្តិការរុករកឧទ្ធម្ភាចក្រនេះ មានកម្លាំងចូលរួមជាង១០០០នាក់។ បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើង ចូលទៅកាន់តំបន់ព្រៃក្រាស់ តាមជ្រោះជ្រលងភ្នំជាដើម៕