(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនៈភាពរបស់ខេត្ត និងបញ្ហាមួយចំនួនដែលយើងត្រូវពិភាក្សាគ្នា ដូចមាននៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
លោក នួន ផារ័ត្ន បានលើកឡើងថា នៅចំពោះមុខខេត្តកំពង់ធំ បានទទួលការគំរាមកំហែងពីទឹកជំនន់ ដែលបង្កឱ្យមានផលប៉ះពាល់ដល់នៅដ្ឋានប្រជាពលរដ្ឋ ហេដ្ឋានរចនាសម្ព័ន ជាពិសេសដំណាំស្រូវប្រាំងប៉ែកខាងក្រោម នៅក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ដែលកំពុងប្រមូលផល ត្រូវបានទឹកជន់លិចក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកនេះ។
លោកបានថ្លែងអំណគុណកងកម្លាំងទាំង៣ ដែលបានជួយថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការពារថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងបេសកកម្មចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេស ការអន្តរាគមន៍ជួយ លើកទំនប់ស្ទាក់ទឹកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រួមជាមួយគ្រឿងចក្រចំនួន១០គ្រឿងថែមទៀត ទោះបីយើងមិនបានទប់ទឹកជាប់បានទាំងស្រុងក៏ពិតមែន យើងអាចកាត់បន្ថយការលិចលង់ស្រូវរបស់ពួកគាត់បានមួយកម្រិត ខណៈពេលនេះ ប្រជាពលរដ្ឋកំពុងមមាញឹកប្រមូលផលច្រូតកាត់បានមួយចំនួនធំផងដែរ។
លោកបន្តថា កន្លងមក រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយស្លាកផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ការត្រួតពិនិត្យអាវុធជាតិផ្ទុះ បញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាក្មេងទំនើង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន បន្តអនុវត្តនូវសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធិភាពខ្ពស់ ។
លោក នួន ផារ័ត្ន បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក បន្តដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពឲ្យបានទៀតទាត់ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់ទុក្ខកង្វល់ ក៏ដូចជាសំណូមពររបស់ពួកគាត់ ស្វែងរកដំណោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា៕