(ភ្នំពេញ)៖ ម៉ោង៩និង០៩ព្រឹកថ្ងៃទី៥សីហាឆ្នាំ២០២៤ ស្នូរស្គរ ឃ្មោះ ត្រដោកបានបន្លឺយ៉ាងទ្រហឹងអឺងកងទូទាំងប្រទេស បន្ទាប់ការចុចប៊ូតុងបញ្ជារបស់ សម្តេចធិបតី ហ៊ុនម៉ាណែត ដើម្បីបើកការ ដ្ឋានបុកគ្រឹះកសាងសំណង់ព្រែកជីកហ៊្វូណនតេជោជាប្រវត្តិសាស្ត្រជាតិ។
នេះជាការធ្វើដំណើរទៅមុខនៃរង្វិលកង់ប្រវត្តិសាស្ត្រជាតិនិ ងជាការបិទបញ្ចប់សុបិន្តរវើរវាយរបស់មេខ្លោងក្រុមឧទ្ទាមក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលមុននេះបាននិយាយទាំងល្ងិតល្ងង់ថាសំណង់ព្រែកជីកហ៊្វូណនតេជោមិនមែនជាលាភរបស់កម្ពុជាឡើយ ប៉ុន្តែសូម្បីតែមេឃដែលមានការព្យាករណ៍អំពីអាកាសធាតុធ្លាក់ភ្លៀងក្នុងរដូវវស្សានាវេលាថ្ងៃទី៥សីហានោះ ក៏បានជួយឱ្យពេលវេលារៀបចំពិធីបុកគ្រឹះនៅថ្ងៃនោះ បានប្រព្រឹត្តទៅដោយគ្មានភ្លៀងក្នុងពិធីបើកការដ្ឋាន « ព្រែកជីកហ្វូណនតេជោ » ប្រព្រឹត្តទៅនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀន ស្វាយ ខេត្តកណ្តាល។
ពិធីនាព្រឹកថ្ងៃទី៥សីហា ផ្សព្វផ្សាយតាមផ្ទាំងកញ្ចក់ទូរទស្សន៍និងតាមការបញ្ចាំងSLIDE និង ពលរដ្ឋជាច្រើនទៀតបានទស្សនាការផ្សាយផ្ទាល់តាមរយៈទូរស័ព្ទដៃ បានចូលរួមជាសាក្សីដោយមនុស្សច្រើនលាននាក់នៅទូទាំងប្រទេសជាមួយសម្លេងសារទរហ៊ោរកញ្ជ្រៀវយ៉ាងអ៊ឹកអធិកដោយក្រៃលែង៖ «ខ្ញុំមានក្តីរំភើបរីករាយណាស់ទន្ទឹងរងចាំថ្ងៃបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ » នេះ។ រីករាយដែលគម្រោងនេះបានជួយដល់សេដ្ឋកិច្ចកម្ពុជា មានផ្លូវទឹកថ្មីជាប្រវត្តិសាស្ត្ររបស់ខ្លួន»។
ទិវាបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ » ថ្ងៃទី៥សីហាឆ្នាំ២០២៤គឺជាទិវាមួយ នៃកញ្ចក់ឆ្លុះបញ្ចាំងរវាងអតីតកាលសម័យហ៊្វូណនដ៏អស្ចារ្យ និងសម័យដឹកនាំតេជោសែនដ៏រុងរឿង ដែលមិនត្រឹមធ្វើឱ្យប្រទេសអស់សង្គ្រាមនិងមានសន្តិភាពពិតប្រាកដទាំងស្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមហាគ្រឹះដ៏ធំបំផុតថែមទៀត សម្រាប់នាំប្រទេសឈានរកការអភិវឌ្ឍន៍។
ក្រោយភាពបែកបាក់របស់ខ្មែរបន្ទាប់ពីសម័យអាណាចក្រហ៊្វូណន ប្រវត្តិសាស្ត្របានបង្ហាញនូវភាពប្រេះស្រាំនៃចំណងសាមគ្គីភាពរបស់ខ្មែរនិងការរបេះបាត់នូវទឹកដីបន្តិចម្តងៗចាប់តាំងពី ពេលនោះមក។ ដោយសារតែភាពបែកបាក់នៃចំណងសាមគ្គីភាពរបស់ខ្មែរក្នុងសម័យអតីតកាលចាប់ពីពេលនោះហើយ ដែនចក្រភពខ្មែរដ៏ខ្លាំងក្លា បានចុះខ្សោយនូវឥទ្ធិពលរបស់ខ្លួនដោយគ្មានការរួបរួមណាមួយដ៏មានប្រសិទ្ធភាពកើតឡើងឡើយក្នុងជំនាន់នោះ។
ភាពកាន់តែចុះខ្សោយរបស់ខ្មែរដល់កម្រិតក្រោមសូន្យ គឺស្ថិតក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមរវាងពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ បន្ទាប់ពីសង្គ្រាមជាង៥ឆ្នាំផ្តើមពីការធ្វើ រដ្ឋប្រហារថ្ងៃទី១៨មីនាឆ្នាំ១៩៧០ ផ្តួលរំលំអតីតរបបសង្គមនិយមរបស់សម្តេចព្រះនរោត្តមសីហនុ។
ក្នុងអតីតជំនាន់ដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បាវចនាជាតិ សាសនា ព្រះមហាក្សត្រ បានរលាយអស់ខ្ទេចខ្ទី ជាមួយនឹងការបាត់បង់ជីវិតពលរដ្ឋខ្មែរជាងបីលាននាក់។ ប៉ុន្តែ កម្ពុជា បានវិលត្រឡប់មកដូចអ្វីដែលធ្លាប់មានក្នុងអាណាចក្រហ៊្វូណនវិញ ក្នុងសម័យដឹកនាំ រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលក្នុងសម័យតេជោ គឺជាសម័យនាំសន្តិភាព ពិតប្រាកដនិងការបង្រួបបង្រួមឯកភាពទឹកដីជាលើកដំបូងមិនធ្លាប់មានក្នុងសម័យ៥០០ឆ្នាំ កន្លងមកនេះ។ សម័យតេជោ ក្រោយមកបានបន្តវេនដោយក្រុមយុវជនជាទំពាំងស្នងឫស្សីដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
ហើយក្នុងឆ្នាំដំបូងនៃសម័យដឹកនាំបន្តវេននេះ ការដ្ឋានព្រែកជីកហ៊្វូណនតេជោ បានចាប់ផ្តើមបុកគ្រឹះដែលបង្ហាញនូវភាពស្រដៀងគ្នានៃសម័យអារ្យធម៌ហ៊្វូណននៃការកសាងស្នាដៃដល់ប្រទេសជាតិសាឡើងវិញ។ ដូចអ្វីដែលពលរដ្ឋខ្មែរជាច្រើនបានលើកឡើងថា «សម័យតេជោ សម័យសន្តិភាពល្អប្រពៃ សម័យសម្តេចធិបតី គឺសម័យអភិវឌ្ឍន៍»៖
«យើងក៏បានបង្ហាញដូនតារបស់យើង បានការប្តេជ្ញាចិត្តរបស់យើងដែរថាកូនចៅរបស់យើង ជំនាន់ក្រោយពីរពាន់ឆ្នាំ ក្រោយក៏អាចប្រមូលផ្តុំគ្នា, សាមគ្គីគ្នា បន្តនូវវីរ:ភាពគាត់ដើម្បីជម្រុញការឯករាជ្យភាព ហើយកែប្រែពីការបញ្ចប់សង្គ្រាម…ថែរក្សាសន្តិភាពទៅលើសមិទ្ធផលសន្តិភាព នៅក្នុងការសាងនូវគម្រោងមួយនេះដែលយើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្តធ្វើឲ្យបាន ហើយខ្ញុំសូមសន្យាថា នឹងបន្តធ្វើអ្វីគ្រប់ដើម្បីការពារនិងថែរក្សាសុខសន្តិភាព ព្រមទាំងពង្រឹងសាមគ្គីភាព និងការឯកភាពជាតិជាពិសេសសា្មរតីជាតិនិយម»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាក្នុងសម័យហ្វូណន មានព្រែកជីកចំនួន៥បាន បម្រើដល់ការធ្វើពាណិជ្ជកម្មរបស់ហ្វូណន។ សម្តេចធិបតីបានថ្លែងបន្តថាការសាងសង់ព្រែកជីកហ៊្វូណនតេជោ គឺជាការអនុវត្តតាមចក្ខុវិស័យមេដឹកនាំអាណាចក្រហ្វូណន៖ «នេះហើយជាអត្ថន័យនិងលក្ខណ:ពិសេសនៃគម្រោងព្រែកជីកហ្វូណនដែលជាគំរោងប្រវត្តិសាស្ត្រ។ បុព្វបុរសពីរពាន់ឆ្នាំមុនគាត់ក៏សប្បាយរីករាយដែលឃើញកូនចៅជំនាន់ក្រោយម្ភៃសតវត្សដោយបានរួមគ្នាដើម្បីបន្តនូវចក្ខុវិស័យរបស់គាត់ដើម្បីរីកចំរើនការសាងនូវហេដ្ឋារចនាសម្ព័ន្ធមួយនេះដើម្បីជំរុញសេដ្ឋកិច្ចលើកកម្ពស់កិត្យានុភាព ឯករាជ្យ និងអធិបតេយ្យភាពជាតិកម្ពុជា»។
**** សំណង់គ្រឹះហ៊្វូណនតេជោបំបាត់ភាពមន្ទិលសង្ស័យនៃនយោបាយបំបែកបំបាក់
ទណ្ឌិតសមរង្ស៊ីបាននិយាយចោទថាគម្រោងព្រែកជីកភ្ជាប់ទីក្រុងភ្នំពេញទៅដល់សមុទ្ទអាចនាំមកនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាននិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែមានសំណួរជាច្រើនណាស់ បានសួរត្រឡប់ទៅវិញថា តើសមរង្ស៊ីនោះ ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់? តើសមរង្ស៊ីនោះជាមនុស្សប្រឆាំងដើម្បីតែប្រឆាំង និងប្រឆាំង ដោយគ្មានរើសពេលវេលា ឬប្រធានបទទេឬ? ពីព្រោះការប្រឆាំងរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់នោះ ប្រឆាំងសូម្បីតែសមិទ្ធផល សម្រាប់ជាតិនិងប្រជាជនខ្មែររបស់ខ្លួន។
សម្តេចធិបតីហ៊ុនម៉ាណែតបានថ្លែងថាការបុកគ្រឹះបានធ្វើឡើងនៅមុនរយៈពេល៤ខែមុនការកំណត់។ ប្រសិនបើកម្ពុជាមិនចាប់ដំណើរការបើកការដ្ឋានបុកគ្រឹះនេះទេ នោះគឺដូចជាការដើរចូលក្នុងឧបាយកលរបស់ក្រុមធ្វើនយោបាយប្រឆាំងដែលពួកគេមានបំណងចង់សាបព្រួសការបំបែកបំបាក់និងភាពមន្ទិលសង្ស័យធ្វើឱ្យប្រជាជនអស់ភាពទុកចិត្តដាក់មកលើរាជរដ្ឋាភិបាល៖ «បងប្អូនបានឃើញហើយនៅតាមហ្វេកប៊ុកថាប្រជាពលរដ្ឋច្រើនលើសលប់បានយល់ពីតម្លៃនេះប៉ុន្តែក៏មានបងប្អូនយើងមួយចំនួនមានការបារម្ភអំពីព្រែកនេះផងដែរ។ មានបងប្អូនមួយចំនួនសរសេរថាសុំឲ្យឈប់ធ្វើព្រែកជីកនេះ កុំឲ្យបាត់បង់ទឹកដី និងអធិបតេយ្យភាព ។ ការបញ្ជាក់របស់បងប្អូន គឺជាកង្វល់ដែលខ្ញុំបានដឹងហើយ។ស្មារតីជាតិនិយមត្រូវតែមាន…ការបញ្ជាក់កង្វល់អំពីការបាត់បង់ទឹកដី និងការបាត់បង់អធិបតេយ្យភាពត្រូវតែមាន ព្រោះយើងធ្លាប់មកហើយ ពីសម័យអាណាចក្រនគរភ្នំ អាណាចក្រហ្វូណន។ អ្វីដែលយើងមានរាល់ថ្ងៃយើងត្រូវការពារឲ្យបាន ប៉ុន្តែខ្ញុំសុំបញ្ជាក់កន្លងទៅគឺមានការលើកឡើងកង្វល់ អ្នកខ្លះថាព្រែកជីកនេះធ្វើហើយ ខាងត្បូងនិងខាងកើតគឺគេយកហើយបន្តិចម្តងៗគឺម្ភៃ សាមសិបឆ្នាំគឺគេយកហើយ។
នេះសម្រាប់បងប្អូនដែលកំពុងព្រួយបារម្ភពីការបាត់បង់ទឹកដី។ គិតថាយើងធ្វើនេះ គេសប្បាយចិត្ត ព្រោះបន្តិចទៀតយើងបាត់ហើយ បងប្អូនខ្លះព្រួយបារម្ភអំពីអធិបតេយ្យ ថាព្រែកជីកនៅលើដីខ្មែរយើងមែន ប៉ុន្តែ ប្រទេសផ្សេងគ្រប់គ្រងពីព្រោះយើងខ្ចីលុយគេមកធ្វើ… ក្រុមហ៊ុនគេធ្វើ អញ្ចឹងគេគ្រប់គ្រងយើងបាត់បង់អធិបតេយ្យភាពលើការប្រើប្រាស់…គេចង់ធ្វើអ្វីក៏បាន…ខ្មែរយើងប្រើមិនបានទេ…នេះដែលខ្ញុំមើលឃើញនូវកង្វល់។ អញ្ចឹងហើយបានមានការស្នើសុំថា កុំធ្វើអីព្រែកជីក។ សម្រាប់ខ្ញុំ ដោយសារកង្វល់នេះហើយ ដែលចាំបាច់យើងត្រូវឆ្លើយតបពន្យល់បង្ហាញឲ្យច្បាស់ ដើម្បីដោះសា្រយឆ្លើយតបទៅនិងកង្វល់និងភាពមន្ទិលសង្ស័យដែលយើងដាច់ខាតត្រូវតែធ្វើព្រែកជីកនេះឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ»។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមទាំងស្រុងរបស់កម្ពុជាកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជា ដែលនឹងផ្ដល់ផលប្រយោជន៍ធំ២ យ៉ាងៈ ផលប្រយោជន៍ធំទី១ គឺផលប្រ យោជន៍ខាងសេដ្ឋកិច្ច ដែលរួមមានដូចជាការចំណេញលើចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញលើការប្រកួតប្រជែងតម្លៃ, បង្កើតបាននូវប្រព័ន្ធស្រោចស្រព ការរំដោះទឹកជំនន់ ជួយបង្កបង្កើនការដាំដុះ នៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ផង ដែរ, ផលប្រយោជន៍ធំទី២ គឺការពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជា ជាពិសេសការពង្រឹងឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនផ្លូវទឹក។ ព្រែកជីកនេះ នឹងមិនបង្កផលប៉ះ ពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ។
ក្រៅពីការប្រឆាំងនឹងផលប្រយោជន៍សេដ្ឋកិច្ចជាតិ, ទណ្ឌិតក្បត់ជាតិបីជំនាន់និងបក្ខពួកនៅបាន ចោទទៀតថា គម្រោងព្រែកជីកនេះ គឺជាគម្រោងរបស់ប្រទេសចិនដែលកម្ពុជាបានធ្វើយ៉ាងតក់ក្រហល់ បើទោះបីជាមានការបញ្ជាក់ម្តងហើយម្តងទៀតថាគម្រោងនោះ គឺជាគម្រោងរបស់កូនខ្មែរ សុទ្ធសាធដើម្បីតែផលប្រយោជន៍ជាតិខ្មែររបស់ខ្លួនឯងតែប៉ុណ្ណោះ។
ក្រុមអ្នកជំនាញបានថ្លែងថាខណៈបច្ចុប្បន្ន ទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨ពាន់ម៉ែត្រគូបក្នុងមួយវិនាទី និងពីទន្លេបាសាក់មានបរិមាណ១ពាន់៤០០ ម៉ែត្រគូបក្នុងមួយវិនាទីនោះ ប៉ុន្តែគម្រោងព្រែកជីក ហ្វូណន នឹងប្រើប្រាស់ទឹកត្រឹមតែប្រមាណ៥ម៉ែត្រគូបក្នុងមួយវិនាទី តែប៉ុណ្ណោះ ឬ ប្រមាណ០,០៥៣ភាគរយ។
ម្យ៉ាងទៀតព្រែកជីកគឺគ្រោងនឹងជីកលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបាន បន្សល់ទុកស្រាប់ ហើយជាតម្រាយដែលធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រ ហ្វូណន។ ម្យ៉ាងទៀតគម្រោងការមិននេះមិនមែនជាការចៃដន្យ ឬគម្រោងការណ៍តក់ក្រហល់ដូចក្រុមប្រឆាំងបានចោទប្រកាន់នោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិត អស់ រយៈពេល ប្រមាណជាង២ឆ្នាំដោយមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់ សរុបចំនួន ៤៨នាក់។ ក្នុងចំណោម ៤៨នាក់ នោះ មានកម្រិតជំនាញ ជាសាស្រ្តាចារ្យ មហាបរិញ្ញា វិទ្យាសាស្ត្រ ចំនួន ១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោកចំនួន ៣០នាក់ និងកម្រិតវិស្វករ ចំនួន ៧ នាក់ ដែល សុទ្ធសឹងតែ មាន ជំនាញ និង បទ ពិសោធន៍ ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្ម បូម ស្តារព្រែកជីក, ការរចនាប្លង់សាង សង់ផ្លូវទឹក, វិភាគជលសាស្ត្រ បរិស្ថាន សេដ្ឋកិច្ច សង្គម និង គ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។
គម្រោងព្រែកជីកហ៊្វូណនតេជោ មិនត្រឹមជាគម្រោងដែលជួយផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច សម្រាប់កម្ពុជាក្នុងការធ្វើពាណិជ្ជកម្មដឹកជញ្ជួនតាមផ្លូវទឹកនៅលើទឹកដីរបស់ប្រទេសខ្លួនឯង ប៉ុណ្ណោះទេ សំណង់ព្រែកជីកនេះ នឹងលុបបំបាត់ហានិភ័យដែលវៀតណាមអាចបិទច្រក ទ្វារ ពាណិជ្ជ កម្មរបស់ កម្ពុជាក្នុងករណីមានភាពតានតឹងតាមរយៈការមិនអនុញ្ញាតឱ្យកម្ពុជាចូល ទៅកាន់កំពង់ផែរបស់វៀតណាមដូចអ្វីដែលធ្លាប់បានកើតឡើងរួចមកហើយពីអតីតកាល។
ប៉ុន្តែក្នុងឈាមសន្តានជាប់តពូជពង្សជាក្រុមប្រឆាំងដើម្បីតែការបំផ្លិចបំផ្លាញជាតិ, ទណ្ឌិតក្បត់ជាតិបីជំនាន់សមរង្ស៊ីនិងបក្ខពួកមិនដែលទទួល ស្គាល់នូវអ្វីដែលជាភាពវិជ្ជមានក្នុងសង្គមជាតិម្តងណាឡើយ ហើយពួកគេរឹតតែមិនទទួលយកអ្វីទាំងអស់ នូវការដឹកនាំដ៏ត្រឹមត្រូវរបស់រាជ រដ្ឋាភិបាល រាប់ទាំងសមិទ្ធផលជាច្រើន ដែលជាស្នាដៃរបស់ជាតិ និងប្រជាជនកម្ពុជា។
សម្តេចធិបតីបានថ្លែងអំពាវនាវប្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសដើម្បីធ្វើការកត់ចំណាំថា តើ ៥ឆ្នាំទៅមុខថែមទៀតនោះ គម្រោងព្រែកជីកហ៊្វូណនតេជោនេះ នឹងចាប់ផ្តើមផ្តល់ប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋ៖ «ថ្ងៃនេះថតរួបទុកទៅ ថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ យើងអង្គុយទីនេះ ឃើញព្រែកដែលជីកបានបន្តិចក្នុងថ្ងៃបើកការដ្ឋាន។ ប្រាំឆ្នាំក្រោយយើងនាំគ្នាមកវិញ ដើម្បីជិះទូកលេងតាមនេះ ។ ធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ ទៅខេត្តតាកែវ ទៅខេត្តកំពត ទៅខេត្តកែប តាមផ្លូវទឹក ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលត្រូវតាមគន្លងដែលយើងត្រូវធ្វើ អាចប្រមើលមើលថ្ងៃនេះ…កន្លែងនេះ…ខ្ញុំឃើញថាបងប្អូនកន្លែងខ្លះមានប្រឡាយតូចមួយដែលសល់ពីមុន ដែលរាំង…ដែលស្ងួត…ដែលគោកកប់នៅខាងក្រោយផ្លូវជាតិ…ដែលឆ្ងាយ …ដែលមានដីនៅខាងក្រោយ។ នៅក្នុងប្រាំឆ្នាំទៀតកន្លែងនោះនឹងក្លាយទៅជាសក្តានុពលសេដ្ឋកិច្ចសម្រាប់បងប្អូន»។
ថ្ងៃបើកការដ្ឋានបុកគ្រឹះទី៥សីហាឆ្នាំ២០២៤ គឺជាថ្ងៃបញ្ចប់សុបិន្តនិងឧបាយកលទាំងស្រុងរបស់មេខ្លោងទណ្ឌិតក្បត់ជាតិបីជំនាន់នោះ អស់ទាំងស្រុងហើយ។
បើទោះជាពួកប្រឆាំងបន្តព្យាយាមប្រើសម្តីនិងឧបាយកលវាយប្រហារដាក់មកលើគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចក្នុងរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក្រុមទាំងនេះនឹងមិនអាចប្រឆាំងចំពោះបំណងរបស់ ខ្មែរទូទាំងប្រទេសបានឡើយ។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមអបអរសាទរទិវាជាប្រវត្តិសាស្ត្រថ្ងៃ៥សីហាឆ្នាំ២០២៤ នៃការបើកការដ្ឋានសាងសង់ជីកព្រែកហ៊្វូណនតេជោ។ «សម័យតេជោ, សម័យសន្តិភាពដ៏ល្អប្រពៃ…សម័យសម្តេចមហាបវរធិបតី គឺសម័យអភិវឌ្ឍន៍!»៕