(ភ្នំពេញ)៖ លោក មែ ស៊ីថន ជំនួយការផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកនេះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ បាននាំយកសាររំលែកទុក្ខ និងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចូលរួមបុណ្យសពជូនលោកស្រី ជូ លីនដា ចំពោះមរណភាពរបស់លោក ឌីណា តាន់ អតីតអគ្គលេខាធិការរាជរដ្ឋាភិបាល និងបច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើឧបនាយករដ្ឋមន្ដ្រី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសាររំលែកទុក្ខថា «ខ្ញុំ និងភរិយា ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ណាឌី តាន់ អតីតអគ្គលេខាធិការរាជរដ្ឋាភិបាល និងបច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើឧបនាយករដ្ឋមន្ត្រី ដែលត្រូវជាឪពុកបង្កើតរបស់ លោកស្រី លោកបានទទួលមរណភាពនៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០៩នាទីព្រឹក ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។

នៅក្នុងវេលាប្រកបដោយសមានទុក្ខក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកសី ក៏ដូចជាកូនៗបង្កើត សាច់ញាតិជិតឆ្ងាយនៃសព ព្រមទាំងក្រុមគ្រួសារ និងសូមចូលរួមសម្ដែងសេចក្ដីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត ព្រោះថាការបាត់បង់ ឯកឧត្តម ណាឌី តាន់ គឺជាការបាត់បង់នូវសមាជិកគ្រួសារម្នាក់ជាទីស្រលាញ់ ដែលប្រកបដោយសង្គហធម៌ដ៏ឧត្ដុង្គឧត្តម និងព្រហ្មវិហារធម៌ ចំពោះកូនៗ ចៅ ចៅទួត បងប្អូន រួមនឹងញាតិមិត្តជិតឆ្ងាយទាំងអស់ ពិសេស គឺជាការបាត់បង់នូវឥស្សរជនដ៏ល្អ ឆ្នើមមួយរូប ដែលបានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនសិការមោះមុត និងភាពវាងវ ជាអតិបរមា ដោយបានរួមចំណែកក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងឧត្តមប្រយោជន៍ មាតុភូមិជារៀងរហូតមក។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ណាឌី តាន់ សូមឱ្យ ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕