(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅចមណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ។
បន្ទាប់ពីទទួលបានបណ្តឹងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង១២៖៣០នាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅចំណុចបន្ទប់ជួលភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួមទាំងដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ គ្មានផ្លាកលេខ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីធ្វើការសួរនាំ ហើយបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (+)។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឲ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះទៅប្តូរគ្រឿង ដេីម្បីកុំឲ្យជនរងគ្រោះដឹងថាជាម៉ូតូរបស់ខ្លួន ហើយទុកជិះខ្លួនឯងពិតប្រាកដមែន។ ជនសង្ស័យបញ្ជាក់ទៀតថា កាលពីខែមីនា ឆ្នាំ២០២១ រូបគេធ្លាប់ជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យ រយៈពេល០១ឆ្នាំ និង០៦ខែ ពីបទ៖ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ហើយនៅខែកញ្ញា ឆ្នាំ២០២២ បានចេញពីពន្ធនាគារវិញ ហើយនៅបន្តប្រើប្រាស់គ្រឿងញៀនរហូតមកទល់បច្ចុប្បន្ននេះ។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានបញ្ជាក់ថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត៕