(សៀមរាប)៖ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារដាំដើមមន និងចិញ្ចឹមដង្កូវនាង សម្រាប់ផលិតសូត្រ នៅសិប្បកម្មតម្បាញនៃក្រុមហ៊ុនសិប្បករអង្គរ (អាទីហ្សង់អង្គរ) ក្នុងស្រុកពួក ខេត្តសៀមរាប។ ដំណើរបេសកកម្មនេះ បានធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រុមហ៊ុនអាទីហ្សង់អង្គរ ដើម្បីស្ដារឡើងវិញសិប្បកម្មតម្បាញសូត្រដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យឋិតឋេរគង់វង្ស។ អស់រយៈពេលជាង៧ខែកន្លងមកនេះ លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារបច្ចេកទេស បានជួបជាមួយតំណាងក្រុមហ៊ុនសិប្បករអង្គរជាបន្តបន្ទាប់ និងបានផ្ដល់ជូនគ្រាប់ពូជដំណាំមនសម្រាប់ការបណ្ដុះ។
គួររំលឹកផងថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្មបានផ្តល់ពងដង្កូវនាងពូជ CK174 ជាពូជរបស់ខ្មែរប្រមាណ ៥,០០០ពង ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ ហើយបានចុះពិនិត្យនិងផ្លាស់ប្តូរបច្ចេកទេសលើការដាំដុះដំណាំមន ការចិញ្ចឹមដង្កូវនាង ពិនិត្យកូនមនបណ្តុះដោយគ្រាប់ ដែលអគ្គនាយកដ្ឋានកសិកម្មបានផ្តល់ជូនកាលពីលើកមុន។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានកត់សម្គាល់ពីភាពរីកចម្រើនយ៉ាងលឿនរហ័សនៃសិប្បកម្មតម្បាញរបស់ក្រុមហ៊ុនអាទីហ្សង់អង្គរ ចាប់តាំងពីពេលដែលសិប្បកម្មនេះមានតែកូនដើមមនទើបដាំ រហូតដល់ពេលនេះដែលដើមមនលូតលាស់ធំធាត់បានល្អ។ មិនត្រឹមតែប៉ុណ្ណោះ សិប្បកម្មបានចាប់ផ្ដើមចិញ្ចឹមដង្កូវនាងសម្រាប់ស្រាវសូត្រ ដើម្បីផលិតជាផលិតផលផ្សេងៗដែលមានគុណតម្លៃផ្នែកវប្បធម៌ និងតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ច ព្រមទាំងផ្ដល់ការងារដល់ប្រជាជននៅក្នុងតំបន់ដែលភាគច្រើនជាស្ដ្រី។
ជាមួយគ្នានេះ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងក្រុមការងារ នឹងបន្តសហការផ្លាស់ប្តូរបច្ចេកទេសលើផ្នែកកោសេយ្យវប្បកម្មដល់អាទីហ្សង់អង្គរ ព្រមទាំងបន្តផ្តល់ពងដង្កូវនាងពូជសូត្រមាសប្រមាណ៥,០០០ពង ក្នុងខែសីហា ឆ្នាំ២០២៤ និងផ្តល់ពូជមនប្រមាណ៥០បាច់ ឬ១,០០០ដើមទៀត ក្នុងខែកញ្ញា ឆ្នាំ២០២៤៕