(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានថ្លែងបញ្ជាក់ថា យោងតាមការស្ទង់មតិ បានបង្ហាញឱ្យឃើញថា ក្នុងចំណោមនិស្សិតជ័យលាភី អ្នកមានការងារធ្វើ ស្មើនឹង៨១%។
ការបញ្ជាក់របស់លោក សុខ ពុទ្ធិវុធ នេះធ្វើឡើងក្នុងឱកាស ដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និសិ្សតជ័យលាភី ចំនួន១.៦៩៤នាក់ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។
តាមរយៈរបាយការណ៍សង្ខេប ស្តីពីការបណ្តុះបណ្តាលធនធាន មនុស្សរបស់ លោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សា-ភិបាលនៃសាកល វិទ្យាល័យពុទ្ធិសាស្ត្រ ដែលបានថ្លែង ក្នុងពិធីប្រគល់សញ្ញាបត្រជូន ដល់និស្សិតជ័យលាភី បានឱ្យដឹងថា ក្នុងចំណោមនិសិ្សតជ័យលាភី ទាំង ១,៦៩៤នាក់ (ស្រី៨៤១នាក់) មាននិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៦៦នាក់ (ស្រី៣៦៩នាក់) និសិ្សតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៥៨នាក់ (ស្រី២៤នាក់) ក្នុងចំណោម២៧៩នាក់ និសិ្សតអាហារូបករណ៍ ដទៃទៀតចំនួន ៣០៦នាក់ (ស្រី១១៩នាក់)។
លោកបានថ្លែងថា «យោងតាមការស្ទង់មតិបានបង្ហាញឱ្យឃើញថា ក្នុងចំណោមនិស្សិតជ័យលាភី សរុបចំនួន ១.៦៩៤នាក់ នេះអ្នកមាន ការងារធ្វើមានចំនួន ១,៣៧២នាក់ ស្មើនឹង៨១%»។
លោកបានថ្លែងទៀតថា សាកលវិទ្យាល័យ បានខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍខ្លួនយ៉ាងល្អប្រសើរ តាមក្រមសីលធម៌វិជ្ជាជីវៈក្នុងការ បណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព ក្នុងនោះក៏បានធ្វើការវិនិយោគយ៉ាងច្រើនទៅលើ អគារបន្ទប់សិក្សាបន្ទប់អនុវត្តបន្ទប់ ពិសោធន៍ និងគ្លីនីក ហើយបន្ទប់នីមួយៗបានបំពាក់សម្ភារទំនើបៗ សម្រាប់ឱ្យនិស្សិតអនុវត្ត ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែង។
ជាមួយគ្នានេះ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាស្ថាប័នរដ្ឋ មូលដ្ឋានសុខាភិបាលក្រុមហ៊ុន នានាទូទាំងរាជធានី-ខេត្ត និងដៃគូសហប្រតិបត្តិការបរទេសចំនួន ២៣មកពី៩ប្រទេស រួមមានសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋបារាំង សាធារណរដ្ឋសិង្ហបុរី សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី ម៉ាឡេស៊ី ព្រះរាជាណាចក្រថៃឡង់ដ៍ និងសាធារណរដ្ឋហ្វីលីពីន។
ក្នុងកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យ បានបញ្ជូននិស្សិតទៅធ្វើទស្សនកិច្ចសិក្សា និងកម្មសិក្សារយៈពេលខ្លី ជាមួយដៃគូអន្តរជាតិ ចំនួន ២០៧នាក់ (នារី៨៥នាក់) និងបានបញ្ជូនបុគ្គលិក និងសាស្ត្រាចារ្យ ទៅដកបទពិសោធន៍ចំនួន២២នាក់ (នារី៤នាក់)។ ក្រៅពីនេះ សាកលវិទ្យាល័យ បានសហការរៀបចំកម្មវិធីមនុស្សធម៌ជាមួយដៃគូអន្តរជាតិក្នុងការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅ ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កណ្តាល តាកែវ និងរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៥មក បានចំនួន៨,៥០០នាក់។
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏បានបង្កើត «កម្មវិធីគាំពារសុខភាពសហគមន៍ UP» ក្នុងគោលបំណងចូលរួមជួយកិច្ចការសង្គមក្នុងវិស័យ សុខាភិបាល ដោយដឹកនាំគ្រូពេទ្យ និងនិស្សិតពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺ និងអប់រំអំពីសុខភាពជូនចាស់ជរា ជនពិការ កុមារកំព្រា និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផ្ទាល់ដោយឥតគិតថ្លៃ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ និងសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់សាកល វិទ្យាល័យ ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស និង ចូលរួមក្នុងកិច្ចការសង្គម។ សម្តេចតេជោក៏បានផ្តល់កិត្តិយសក្នុងការប្រគល់ សញ្ញាបត្រជូន ដល់និស្សិតជ័យលាភីពូកែ ប្រចាំជំនាន់នីមួយៗ ចំនួន៣៦នាក់ផងដែរ ។
បន្ទាប់ពីសម្តេចតេជោ បានអញ្ជើញនិវត្តន៌ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានទទួលកិត្តិយសពី លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអធិបតីក្នុងការប្រគល់ សញ្ញាបត្របន្ត ដល់និស្សិតពូកែ ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្រ្តបន្ថែមចំនួន៥១នាក់ ហើយលោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សា ភិបាល និងលោក គិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រក៏បានប្រគល់សញ្ញាបត្រ ជានិមិត្តរូបជូនដល់និស្សិត ជ័យលាភីដទៃទៀតគ្រប់ៗគ្នា។
សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យធ្វើ ការបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យសុខាភិបាល នៅឆ្នាំ២០១១ ដែលបច្ចុប្បន្នគឺជាសាកលវិទ្យាល័យឯកជនឈានមុខគេ មួយក្នុងប្រទេស។
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានប្រកាន់ខ្ជាប់នូវគុណតម្លៃបីរបស់ខ្លួន ក្នុងការអប់រំនិស្សិត និង ការដឹកនាំសាកលវិទ្យាល័យគឺ គោរពខ្លួនឯង គោរពអ្នកដទៃ អភិវឌ្ឍសង្គម៕