(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតមនុស្សដាក់ឡានមួយករណី ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅម្ដុំផ្សារពាណិជ្ជកម្ម មុខអាហារដ្ឋានមួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានបណ្ដឹងភ្លាមៗ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញចុះបង្រ្កាប យ៉ាងយកចិត្តទុកដាក់ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារព្រហ្មទណ្ឌ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់។
រហូតដល់ម៉ោងប្រហែល០២៖៣០យប់ថ្ងៃទី០៦ ខែសីហា កម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ (ជនជាតិចិន៦នាក់ និងខ្មែរ២នាក់) រំដោះជនរងគ្រោះបានចំនួន២នាក់ (ស្រ្តីខ្មែរម្នាក់ និងជនជាតិចិនម្នាក់)។ ដកហូតបានកាំភ្លើងខ្លី២ដើម ខ្នោះដៃចំនួន២គូ និងវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការនីតិវិធី៕