(ឧត្តរមានជ័យ)៖ កម្លាំងជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយអប់រំ ស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ ចែកចាយ រក្សាទុក និងជួញដូរគ្រឿងញៀន ក៏ដូចជាបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ក្នុងភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ថា ដោយអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួលពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកបានដឹកនាំកម្លាំងជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ចុះផ្សព្វផ្សាយអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ ការក្សាទុក ការចែកចាយ ការជួញដូរនូវសារធាតុញៀនខុសច្បាប់ ក្រោមប្រធានបទ យើងរួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ លើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង នៅវិទ្យាល័យហ៊ុនសែនត្រពាំងប្រាសាទ។
លោក យ៉ាង វ៉ាន បានថ្លែងបញ្ជាក់ថា ការផ្សព្វផ្សាយនាពេលនេះ គឺផ្តោតសំខាន់លើផលប៉ះពាល់គ្រឿងញៀន អត្តសញ្ញាណគ្រឿងញៀន បារីអេឡិចត្រូនិច (វេប) ក្មេងទំនើង ការប្រមូលផ្តុំរបស់សិស្សានុសិស្ស នៅតាមហាងកាហ្វេ ភោជនីយដ្ឋាន ក្នុងម៉ោងសិក្សា។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពីផលវិបាករួម ដែលអាចប៉ះពាល់ដល់ខ្លួនយើងផ្ទាល់ ក៏ដូចជាសង្គមគ្រួសារ និងសង្គមជាតិ ពិសេសផលវិបាកខ្លួន យើងផ្ទាល់នៅថ្ងៃក្រោយដែលមានបញ្ជីខ្មៅ ដែលជាមុខសញ្ញានាំឲ្យពិបាកបញ្ជាក់ ពីភាពស្អាតស្អំ ចេញពីភូមិ ឃុំ ពេលដែលយើងត្រូវរកការងារធ្វើនៅទីកន្លែងណាមួយ។
បន្ថែមលើសពីនេះ លោកក៏បានបង្ហាញពីសកម្មភាពខ្លះៗ ពេលដែលយើងប្រព្រឹត្ត គឺមានទោសទណ្ឌជាប់ពាក់ព័ន្ធ និងបទល្មើសសហចារី ចារី ផ្សំគំនិត ផ្តើមគំនិត ជាដើម និងអំពាវនាវដល់ប្អូនៗ ត្រវជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងល្បែងអបាយមុខផ្សេង។ នៅក្នុងពិធីនេះដែរ ក៏មានការចែកខិតប័ណ្ណចំនួន១០០សន្លឹក សៀវភៅ២១០ក្បាល ប៊ិច២១០ដើម ដល់សិស្សានុសិស្សចំនួន៤២នាក់ ដែលមានជីវភាពខ្វះខាតផងដែរ៕