(ព្រះសីហនុ)៖ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទ ដើម្បីចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងទូងស្គរជ័យ ចំពោះការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ» ជាប្រវត្តិសាស្ដ្រនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចុចបូតុងបើកការដ្ឋានជាផ្លូវការ។

ក្នុងពិធីអបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជានោះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត នាវេលាម៉ោង ៩:០៩នាទីព្រឹក បានសម្តែងនូវការចូលរួម អបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏បានបន្លឺសម្លេងទូងស្គរ វាយឃ្មួស យ៉ាងពិរោះរន្ធដំព្រមៗគ្នាប្រកបសោយក្តីសប្បាយរីក និងបានស្រែកថា «យើងខ្ញុំទាំងអស់គ្នាសូមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកការដ្ឋានជាផ្លូវការរបស់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤»។

លោក ចេង ស្រុង បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គម្រោងនេះប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានការគាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុតពីប្រជាពលរដ្ឋខ្មែរ រាប់លាននាក់នៅទូទាំងប្រទេស និងនៅក្រៅប្រទេស។

គូសបញ្ជាក់ាថា គម្រោងដ៏អស្ចារ្យមួយនេះ ពិតជាមានអត្ថប្រយោជន៍ដ៏វិសេសវិសាល និងសារៈសំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់សេដ្ឋកិច្ចជាតិកម្ពុជា ពោលព្រែកជីកហ្វូណនតេជោ "ជាព្រែកជីកប្រវត្តិសាស្ត្រ" ត្រូវបានតភ្ជាប់ពីដៃទន្លេមេគង្គទៅកាន់សមុទ្រប្រវែង ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤គឺ កណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ រយៈពេលសាងសង់ ៤ឆ្នាំ ចំណាយថវិកា ១៧០០លានដុល្លាអាមេរិក។ ផ្លូវអមសង្ខាងព្រែកប្រវែង២០៨ គីឡូម៉ែត្រ សន្ទះផ្លូវនាវាចរាចរណ៍មាន ៣កន្លែង ស្ពាន១១កន្លែង។

ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ។ មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។

អត្ថប្រយោជន៍សំខាន់ៗរួមមាន កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ជាដើម-ល-៕