(ភ្នំពេញ)៖ ទទួលបានការអនុញ្ញាតពីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋសភាបានរៀបចំឲ្យមានការធ្វើបឋកថា ប្រកបដោយអត្ថន័យ និងមានសារៈសំខាន់ ស្តីពីគោលនយោបាយពាណិជ្ជកម្មកម្ពុជា ដោយវាគ្មិនកិត្តិយសលោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការពិសេសជំរុញការដោះស្រាយបញ្ហាវិស័យឯកជន។
កម្មវិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់សមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូប។
នៅក្នុងសុន្ទរកថាបើកកម្មវិធី លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជួន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា បឋកថាស្តីពីគោលនយោបាយពាណិជ្ជកម្មកម្ពុជា នេះនឹងផ្តល់នូវពុទ្ធិ និងធាតុចូលសំខាន់ៗ ដើម្បីជាមូលដ្ឋានក្នុងការបំពេញតួនាទីស្នូលរបស់រដ្ឋសភា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដល់ការជំរុញអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឲ្យទទួលបានប្រសិទ្ធភាពដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
លោកស្រីប្រធានគណៈកម្មការជំនាញរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្រ្តីដំបូងនៅកម្ពុជា ទទួលបានតួនាទី ដឹកនាំស្ថាប័នរដ្ឋសភា មានឆន្ទៈមោះមុត ក្នុងការអនុវត្តតួនាទីស្នូលរបស់ខ្លួនឲ្យសម្រេចបាននូវលទ្ធផលកាន់តែច្រើនឡើងទៀត នៅក្នុងបេសកកម្មបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ស្របទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលរដ្ឋសភាបានអនុម័ត។
នៅក្នុងតួនាទីសំខាន់ៗរបស់រដ្ឋសភា មានតួនាទីនីតិកម្ម តួនាទីតាមដានត្រួតពិនិត្យការអនុវត្តច្បាប់ និងតួនាទីភាពជាតំណាង ព្រមទាំងតួនាទីការទូតសភា។ លោកស្រី និន សាផុន បានគូសបញ្ជាក់ថា តួនាទីការទូតសភា កាន់តែមានសារៈសំខាន់ឡើងនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។ តាមរយៈការធ្វើដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសជាមិត្ត និងជួបពិភាក្សារការងារ ជាមួយសមភាគីនានា សម្តេចប្រធានរដ្ឋសភា តែងតែលើកឡើងពីការជំរុញ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ពិសេសការលើកកម្ពស់ពាណិជ្ជកម្ម ទាំងកម្រិតទ្វេភាគី និងតំបន់។
នៅក្នុងបឋកថាស្តីពី គោលនយោបាយពាណិជ្ជកម្មកម្ពុជា លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានលើកឡើងពីទស្សនៈវែងឆ្ងាយ ច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងការធ្វើសមាហរណកម្មកម្ពុជា ទាំងផ្នែកនយោបាយ និងពាណិជ្ជកម្មនៅក្នុងតំបន់ និងសកលោក។ នៅក្នុងនោះ លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ បានលើកឡើងពីដំណើរការ នៃការចរចារបស់កម្ពុជា ចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩ ការចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ឆ្នាំ២០០៤ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅឆ្នាំ២០១១ ជាដើម។
លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ក៏បានលើកឡើងពីវិបត្តិនានា ដែលសកលកំពុងប្រឈម មានជំងឺរាតត្បាតនិងការប្រកួតប្រជែងអំពីភូមិសាស្រ្តនយោបាយ និងការប្រែប្រួលអាកាសធាតុផងដែរ។ លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ មិនភ្លេចរំលេចពីតម្លៃសុខសន្តិភាពដែលកម្ពុជា ទទួលបានពីការអនុវត្តគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ជូនពលរដ្ឋកម្ពុជា នៅក្នុងឆ្នាំ១៩៩៨ ដែលជាកត្តាសំខាន់ជំរុញវិស័យពាណិជ្ជកម្មកម្ពុជា ឲ្យមានការរីកចម្រើន រឹងមាំដូចសព្វថ្ងៃ។ ទោះនៅក្នុងកាលៈទេសៈណាក៏ដោយសេដ្ឋកិច្ចកម្ពុជា នៅតែរឹងមាំ និងមានភាពធន់។
រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត មានភាពប៉ិនប្រសប់ របស់សម្តេចមហាវបរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ទៅថ្ងៃអនាគតកម្ពុជា នឹងចរចាដើម្បីចូលជាសមាជិកអង្គការ ពាណិជ្ជកម្មអន្តរជាតិមួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាជំរុញពាណិជ្ជកម្មកម្ពុជា ឲ្យមានកំណើនបន្តបន្ទាប់ ពិសេសការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតូចនៅក្នុងពេលឆាប់ៗនេះ។
សូមជម្រាបថា ដើម្បីទ្រទ្រង់វិស័យពាណិជ្ជកម្មក្នុងប្រទេស និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងការទាក់ទាញវិនិយោគ តាមរយៈការបង្កើតបរិស្ថានធុរកិច្ចប្រកបដោយភាពជឿទុកចិត្ត និងតម្លាភាពកន្លងមក រដ្ឋសភាបានតាក់តែងលិខិតបទដ្ឋានគតិយុត្ត ច្បាប់ជាច្រើន មានដូចជា ច្បាប់ស្តីវិធានកំណើតទំនិញ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡេចត្រូនិចច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីការសុវត្ថិភាពអាហារ ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានា។ នេះបើតាមការបញ្ជាក់របស់លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជួន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៃរដ្ឋសភា៕