(ភ្នំពេញ)៖ ក្រោយពីគណបក្សសង្រ្គោះជាតិ បានចេញលិខិតស្នើទៅ លោក ស៉ិន ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតហៅកាត់ថា គ.ជ.ប ពិនិត្យ និងចាត់វិធានការចំពោះករណី ដែលមានការចាត់តាំង កងម្លាំងប្រដាប់អាវុធយោធា ឲ្យទៅចុះឈ្មោះបោះឆ្នោត នៅទីតាំងផ្សេងពីទីតាំងលំនៅ ឬទីសំណាក់ពិតប្រាករបស់សាម៉ីខ្លួន លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ឲ្យដឹង ថា គ.ជ.ប បានបញ្ជូនមន្រ្តី និងក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់ និងបើកការស៊ើបអង្កេតភ្លាមៗ ក្រោយទទួលបានសំណើរបស់គណបក្សប្រឆាំង។
លោក ហង្ស ពុទ្ធា បានបន្ថែមថា លោកក៏សុំអរគុណចំពោះគណបក្សប្រឆាំង ដែលបានដាក់ពាក្យបណ្តឹង និងបានចូលរួមស្វែងរកភាពមិនប្រក្រតីជារឿយៗ ពីការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦នេះ។
អ្នកនាំពាក្យរូបនេះ បានបន្តថា នៅពេលឆាប់ៗខាងមុខនេះ គ.ជ.ប សហការជាមួយក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ បង្កើតការិយាល័យបោះឆ្នោត ២២,០០០ការិយាល័យ ហើយនៅក្នុងការិយាល័យទាំងអស់នោះ គឺមានភ្នាក់ងារ និងសន្តិសុខ៣នាក់ អញ្ជឹង គ.ជ.ប ត្រូវរៀបចំឲ្យកងការពារសន្តិសុខទាំងអស់នោះ ចុះឈ្មោះបោះឆ្នោតនៅតាមទីតាំងដែលខ្លួនត្រូវឈរជើង ដើម្បីងាយស្រួលក្នុងការចូលរួមបោះឆ្នោតនៅពេលខាងមុខ អំឡុងពួកគាត់ចុះបំពេញបេសកកម្មការងារ។
លោកថា តាមទិដ្ឋភាពច្បាប់ កងកម្លាំងប្រដាប់អាវុធ នគរបាល សុទ្ធសឹងជាប្រជាពលរដ្ឋ ពួកគាត់មានសិទ្ធគ្រប់គ្រងក្នុងការចុះឈ្មោះបោះឆ្នោតមិនថា នៅកន្លែងណានោះទេឲ្យតែពួកគាត់ មានលិខិតបញ្ជាក់ ការស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណទៅតាមច្បាប់បោះឆ្នោត នោះពួកគាត់គឺអាចចុះឈ្មោះបោះឆ្នោតបាន។
យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា គ.ជ.ប នឹងស្រាវជ្រាវស៊ើបអង្កេតឲ្យបានល្អបំផុត ជុំវិញសំណើរបស់ គណបក្សសង្រ្គោះជាតិ នាពេលនេះ ហើយការងារនេះ គ.ជ.ប តាំងចិត្តថា នឹងធ្វើឲ្យបានល្អបំផុត។
ជាមួយគ្នានោះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សំណើរបស់គណបក្សសង្រ្គោះជាតិនាពេលនេះ គ្រាន់តែជាការលើកឡើងដោយផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ លោកថា គណបក្សមួយនេះ ទោះបីជាគ្មានបញ្ហា ក៏លើកឡើងឲ្យមានបញ្ហាដែរ។
លោក សុខ ឥសានថា គណបក្សប្រជាជនកម្ពុជា មិនចាប់អារម្មណ៍សំណើររបស់គណបក្សប្រឆាំងឡើយ ពីព្រោះរាល់ថ្ងៃនេះ គណបក្សកាន់អំណាច គឺបំពេញការងារគោរពទៅតាមនីតិវិធីច្បាប់ មិនដែលរំលោភបំពានច្បាប់នោះទេ។
កន្លងមកឃើញថា គណបក្សប្រជាជនកម្ពុជា បានសម្រួលដល់ប្រជាពលរដ្ឋ ទាំងកម្មករ កម្មការិនី កងកម្លាំងប្រដាប់ ដែលមានសិទ្ធគ្រប់គ្រាន់ក្នុងការចុះឈ្មោះ បោះឆ្នោត ដោយបានបើកទូលាយ គ្រប់មជ្ឈដ្ឋាន បានចុះឈ្មោះ និងចូលរួមបោះឆ្នោតទោះបីជា រស់នៅទីកន្លែងណាក៏ដោយ ឲ្យតែមានលិខិតបញ្ជាក់ត្រឹមត្រូវ។
គួរបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ បានចេញលិខិតស្នើទៅ លោក ស៉ិន ប៊ុនហុក ប្រធានគណបៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ពិនិត្យ និងចាត់វិធានការចំពោះករណី ដែលមានការចាត់តាំងកងម្លាំងប្រដាប់អាវុធយោធា ឲ្យទៅចុះឈ្មោះបោះឆ្នោតនៅទីតាំងផ្សេងពីទីតាំងលំនៅ ឬទីសំណាក់ ពិតប្រាករបស់សាម៉ីខ្លួន។ គណបក្សប្រឆាំងបានចាត់ទុកសកម្មភាពនេះ រំលោភបំពានលើច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីសម្រាប់ការ ចុះឈ្មោះបោះឆ្នោត និងមានលក្ខណៈបង្ខិតបង្ខំផ្ទុយពីឆន្ទៈពិតប្រាកដរបស់សាម៉ីខ្លួន ហើយថាសកម្មភាពនេះ បង្ហាញរូបភាពគំរាមគំហែង ដល់ការចុះឈ្មោះបោះឆ្នោតដទៃទៀតផងដែរ៕