(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយគណៈកម្មាធិការវប្បធម៌ និងទេសចរណ៍ចិន បានសហការបើកសម្ពោធច្រករបៀងវប្បធម៌កម្ពុជា-ចិន ក្រោមប្រធានបទ «ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក» ក្នុងគោលបំណងបង្កើនបន្ថែមនូវការផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជា និងបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសចិន ប្រទេសកម្ពុជា និងប្រទេសផ្សេងទៀតដែលជាប់ដងទន្លេមេគង្គ-ឡានឆាង។

ពិធីបើកសម្ពោធនេះធ្វើឡើងនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពលោក ឈាង លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប លោក ស៊ា យុនហាយ (XIA Yunhai) អគ្គនាយករងនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិ នៃការិយាល័យកិច្ចការព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោកស្រី វ៉ាង ជាំងហុង (WANG Jianghong) អនុប្រធានមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តយូណាន។

ច្រករបៀងវប្បធម៌ចិន-កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ត្រូវបានរៀបចំឡើងនៅក្នុងតំបន់ចេញដំណើរសម្រាប់អ្នកដំណើរអន្តរជាតិនៃអាកាសយានដ្ឋាន រួមមាន៖ ពិព័រណ៍រូបថតក្រោមប្រធានបទ «ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក» និងតំបន់ពិព័រណ៍បែប Static ជាដើម។ ក្នុងនោះការតាំងពិព័រណ៍រូបថតរួមានរូបថតដ៏ស្អាតប្រណីតចំនួន១០០សន្លឹក ដែលភាគច្រើនពាក់ព័ន្ធនឹងប្រទេសចិន និងកម្ពុជា ហើយគ្របដណ្តប់ប្រទេសទន្លេមេគង្គផ្សេងៗទៀត។ តំបន់ពិព័រណ៍បែប Static ផ្តោតលើប្រធានបទសំខាន់ចំនួន៣ គឺ «ប៉ាក់» «ចម្លាក់» និង «ពណ៌ចម្រុះ» ដែលដាក់តាំងបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីរបស់ខេត្តយូណានប្រទេសចិន និងប្រទេសកម្ពុជា។

នាពិធីបើកសម្ពោធនោះ លោក ស៊ា យុនហាយ បានបង្ហាញជឿជាក់ថា ការបើកសម្ពោធច្រករបៀងវប្បធម៌ចិន-កម្ពុជានេះ នឹងជួយលើកកម្ពស់នូវបទពិសោធន៍នៃការធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ហើយនឹងរួមជាវិភាគទានថ្មីក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីឱ្យទទួលបាននូវលទ្ធផលជាផ្លែផ្កាកាន់តែច្រើន។

លោកអភិបាលរង ង៉ូវ សេងកាក់ បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក និងការបើកសម្ពោធច្រករបៀងវប្បធម៌កម្ពុជា-ចិនពេលនេះ គឺជាកម្មវិធីមួយស្របទៅនឹងយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប២០២៤» ជាពិសេសនឹងជួយផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅ និងទូលំទូលាយអំពីវប្បធម៌ដ៏ចំណាស់ និងសម្បូរបែបរបស់កម្ពុជានិងចិន។ លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងជំរុញកំណើនភ្ញៀវទេសចរ ក៏ដូចជាការួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។

លោកអភិបាលរងខេត្តបានចាត់ទុកច្រករបៀងវប្បធម៌កម្ពុជា-ចិន គឺជាសក្ខីកម្មយ៉ាងរស់រវើកនៃចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសកម្ពុជានិងចិន ហើយនឹងក្លាយជាស្ពានមិត្តភាពដែលតភ្ជាប់ប្រជាជនទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាខេត្តសៀមរាបនិងខេត្តយូណាន។

លោកស្រីអនុប្រធានមន្ទីរ វ៉ាង ជាំងហុង បានថ្លែងថា ក្នុងពិធីបើកសម្ពោធច្រករបៀងវប្បធម៌កម្ពុជា-ចិននេះ ភាគីចិននឹងចេញផ្សាយផែនការទេសចរណ៍បេតិកភណ្ឌពិភពលោក ក្រោមប្រធានបទ «ទស្សនាតំបន់បេតិកភណ្ឌពិភពលោកចំនួន១០ ក្នុងរយៈពេល១០ថ្ងៃ» និងប្រកាសផ្លូវទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ប្រណីតមួយចំនួន ដែលអាចតភ្ជាប់ខេត្តយូណានប្រទេសចិន កម្ពុជា ថៃ វៀតណាម និងប្រទេសពាក់ព័ន្ធផ្សេងៗទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទទួលយកបទពិសោធន៍ពីការធ្វើដំណើរនៅតាមតំបន់ទន្លេមេគង្គ-ឡានឆាង ដែលប្រកបដោយភាពទាក់ទាញយ៉ាងខ្លាំង។

លោកស្រី វ៉ាង បង្ហាញក្ដីសង្ឃឹមថា ភាគីទាំងពីរយកបេតិកភណ្ឌពិភពលោកជាចំណងផ្សារភ្ជាប់គ្នា និងយកការសិក្សារៀនសូត្រអរិយធម៌ពីគ្នា ជាស្ពានមួយជួយឱ្យផលិតផលទេសចរណ៍ទីតាំងបេតិកភណ្ឌពិភពលោក «ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» នេះ ឱ្យក្លាយជាម៉ាកទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញលើពិភពលោក ដើម្បីលើកកម្ពស់ការការពារ និងបន្តផ្សព្វផ្សាយបេតិកភណ្ឌពិភពលោក ព្រមទាំងបើកទំព័រថ្មីសម្រាប់ការកសាងអនាគតដ៏ភ្លឺស្វាងនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា។

នាឱកាសនោះ លោករដ្ឋលេខាធិការ ឈាង លាង បានឱ្យដឹងថា ប្រទេសកម្ពុជានិងចិនជាមិត្តដែកថែបដែលជឿទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក។ នៅឆ្នាំ២០២៤ យើងបានឈានចូល «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន»។ នៅខែមិថុនាឆ្នាំនេះ កម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ «ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» ខេត្តយូណាននៃប្រទេសចិន ប្រទេសកម្ពុជា ដែលរៀបចំដោយការិយាល័យព័ត៌មានសាលារដ្ឋបាលប្រជាជនខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងព័ត៌មានកម្ពុជា បានប្រារព្ធនៅក្រុងគុនមីងនៃខេត្តយូណាន ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ការការពារបេតិកភណ្ឌពិភពលោក អភិវឌ្ឍទេសចរណ៍-វប្បធម៌ និងជំរុញការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយ។

លោករដ្ឋលេខាធិការបានបន្តថា ច្រករបៀងវប្បធម៌កម្ពុជា-ចិន ត្រូវបានបើកសម្ពោធជាផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់ការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងកម្ពុជា និងចិន។

លោក ឈាង លាង មានជំនឿយ៉ាងមុតមាំថា ខ្សែទេសចរណ៍ទាំងនេះនឹងតភ្ជាប់ធនធានទេសចរណ៍របស់ប្រទេសជាប់ដងទន្លេមេគង្គ-ឡានឆាងទាំង៦ និងចាក់បញ្ចូលនូវកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់ ហើយកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរមកពីជុំវិញពិភពលោកឱ្យមកស្គាល់ និងទទួលយកបទពិសោធន៍ពីភាពទាក់ទាញនៃប្រទេសកម្ពុជា។

ក្រសួងព័ត៌មានកម្ពុជានឹងផ្តល់ការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន ក្នុងការពួតដៃធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីបង្ហាញឱ្យបានពេញលេញនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ តាមរយៈការផ្សាយព័ត៌មានយ៉ាងទូលំទូលាយ និងស៊ីជម្រៅ ព្រមទាំងរួមចំណែកក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឈវិស័យទេសចរណ៍របស់កម្ពុជា ចាប់តាំងពីត្រូវបានបើកឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣មក។ ដើម្បីជំរុញឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដើរតួនាទីកាន់តែសំខាន់ និងទទួលបានផលប្រយោជន៍ពីគោលនយោបាយមិនបាច់ស្នើសុំទិដ្ឋាការរយៈពេល១៤៤ម៉ោង នៅពេលឆ្លងកាត់ប្រទេសចិន «ផែនការទេសចរណ៍បេតិកភណ្ឌពិភពលោក» ត្រូវបានចេញផ្សាយជាផ្លូវការនៅក្នុងពិធីនេះ។ ផែនការទេសចរណ៍នេះត្រូវបានធ្វើឡើងក្រោមប្រធានបទ «ទៅទស្សនាតំបន់បេតិកភណ្ឌពិភពលោកចំនួន១០ ក្នុងរយៈពេល១០ថ្ងៃ» ដើម្បីផ្សព្វផ្សាយពីផលិតផលទេសចរណ៍ ផ្លូវហោះហើរ និងសេវាកម្មទេសចរណ៍ ដែលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងឆ្លងកាត់ទីក្រុងគុនមីង ជូនភ្ញៀវទេសចរមកពីប្រទេសនានាលើពិភពលោក ហើយទាក់ទាញភ្ញៀវទេសចរនៃប្រទេសនានាឱ្យស្គាល់ និងយល់ដឹងកាន់តែច្រើនអំពីទំនៀមទម្លាប់វប្បធម៌តាមតំបន់ទន្លេឡានឆាង-មេគង្គ រីករាយជាមួយការធ្វើដំណើរនៅក្នុងប្រទេសចិនដ៏ស្រស់ស្អាត និងទទួលបានបទពិសោធន៍ពីប្រធានបទ «មានការរស់នៅមួយប្រភេទ ហៅថា យូណាន»។ នៅថ្ងៃដដែលនោះ ភ្ញៀវកិត្តិយសចិននិងកម្ពុជារួមគ្នាបើកសម្ពោធកម្មវិធីប្រមូលរឿងវីដេអូជាសកល-ប្រទេសកម្ពុជា «ពិភពលោកមានសម្រស់ស្រស់ស្អាតដោយសារតែលោកអ្នក» និងចាក់បញ្ចាំងមីក្រូវីដេអូអំពីការធ្វើដំណើរកម្ពុជា-គុនមីងជាលើកដំបូង៕