(កណ្តាល)៖ ដើម្បីអបអរសាទរការបើកកាដ្ជានព្រែកជីកហ្វូណនតេជោ ដែលជាមហាសមិទ្ធផលដ៏ធំធេងរបស់ជាតិកម្ពុជានោះ លោកឧកញ៉ា ស្រី ចាន់ថន បានសម្រេចឲ្យបងប្អូនប្រជាពលរដ្ឋចូលទស្សនានៅ «ស្កាយលែន 7NG វិហារសួរ» របស់លោកចំនួន៧ថ្ងៃ ដោយមិនគិតថ្លៃ។
លោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា គ្រាន់តែថ្ងៃដំបូងបើកឆាក ទី៥ ខែសីហា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង៨០០០នាក់ បានមកចូលទស្សនាសួនកំសាន្ត ដែលនេះជាការចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់សមិទ្ធផលជា ប្រវត្តិសាស្រ្តរបស់ជាតិមួយនេះ។
សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណន-តេជោ» គឺជាគំនិតផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង៩៖០៩នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
ការដ្ឋាន «ព្រែកជីកហ្វូណន-តេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឲ្យកម្ពុជាមានឱកាសគាស់រំលើង ឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។
«ព្រែកជីកហ្វូណន-តេជោ» នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕