(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ថា ការចូលរួមសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន បានបង្ហាញឱ្យឃើញច្បាស់នូវកម្លាំងឯកភាពជាធ្លុងក្នុងសង្គមខ្មែរ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជិត៦០០នាក់ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ។
នាឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ខ្ញុំឃើញនូវស្មារតីរួមគ្នា ដែលយើងគិតថា ការកសាងព្រែកជីកមួយនេះ វាគ្រាន់តែជា គម្រោងហេដ្ឋារចនាសម្ព័ន្ពមួយតែប៉ុណ្ណោះ ប៉ុន្ដែដោយសារស្មារតីរួមគ្នានេះហើយ ដែលយើងឃើញថា ហើយបានបញ្ជាក់ច្បាស់ថា គម្រោងព្រែកជីកនេះ វាមិនមែនជាគម្រោងហេដ្ឋារចនាសម្ព័ន្ពធម្មតា ប៉ុន្ដែ គឺជានិមិត្ដរូប នៃការរួមគ្នារបស់ខ្មែរ របស់ជាតិខ្មែរយើង នេះយើងដែលជាអ្វី ដែលជាក្ដីសង្ឃឹម និងភាពមុតមាំបញ្ជាក់អំពីការកសាងនូវសក្ដានុពល ដើម្បីពង្រឹងនូវឯករាជភាព កិត្យានុភាព និងអធិបតេយ្យភាព របស់ប្រជាជន»។
សូមជម្រាបដែរថា ការដ្ឋាន «ព្រែកជីកហ្វូណន-តេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឲ្យកម្ពុជាមានឱកាសគាស់រំលើងឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។
គម្រោង «ព្រែកជីកហ្វូណន-តេជោ» គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
«ព្រែកជីកហ្វូណន-តេជោ» នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕