(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ បានចោទជាសំណួរថា សមទ្ធិកម្មលើដី ពោលការរីកចម្រើនរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តើជាតម្រុយនាំឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិ ឬធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ?
ក្នុងន័យនេះ សម្តេចសង្កត់ធ្ងន់ថា រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ជាពិសេសក្រោយបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨ នៅគ្រប់ទីកន្លែងទាំងអស់របស់កម្ពុជា គឺមានការរីកចម្រើន ដែលបញ្ជាក់យ៉ាងច្បាស់ថា ខ្មែរកាន់តែខ្លាំង ដែលមិនមានបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។
ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជិត៦០០នាក់ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «បងប្អូនដែលជាអ្នកសិក្សា បញ្ញវ័ន្តនិស្សិតរបស់យើង អារម្មណ៍យើងខ្លាចបាត់អធិបតេយ្យភាព បាត់ជាតិរបស់យើង ប៉ុន្តែការវាយតម្លៃ ត្រូវផ្អែកលើសមិទ្ធកម្មជាក់ស្ដែង ថាតើនៅក្នុងប្រទេសយើង នៅក្នុងការកសាងព្រែកជីករបស់យើង ឬមួយក៏ការអភិវឌ្ឍទិសឦសានរបស់យើង និងការអភិឌ្ឍន៍កន្លែងណាមួយរបស់យើង តើសមិទ្ធកម្មលើដីបញ្ជាក់ថា ខ្មែរកាន់តែខ្សោយត្រៀមឲ្យគេទេ ឬមួយក៏កាន់តែខ្លាំងរឹងមាំ។ ខ្ញុំគិតថា នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ជាពិសេសក្រោយសង្គ្រាមយើងបញ្ចប់ឆ្នាំ១៩៩៨ នៅគ្រប់កន្លែងទាំងអស់នៅកម្ពុជា គឺមានការរីកចម្រើន ខ្មែរកាន់តែខ្លាំងនៅក្នុងកន្លែងនោះ»។
ជាដំណោះស្រាយ ចំពោះការបារម្ភរបស់បងប្អូនអំពីការបង់បាត់ទឹកដី និងអធិបតេយ្យភាពជាតិ នៅភូមិភាគឦសាន សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថារាជរដ្ឋាភិបាល បាននិងកំពុងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការរស់នៅរបស់បងប្អូនកាន់តែច្រើន។
សម្តេចបានបញ្ជាក់ថា «ពិតណាស់តំបន់ខ្លះមិនទាន់ស្មើ [អភិវឌ្ឍន៍] ជាមួយតំបន់ខ្លះទេ ឧទាហរណ៍ថា ទិសឦសានរបស់យើងកំណើនសេដ្ឋកិច្ច មិនទាន់ស្មើរាជធានីភ្នំពេញ, ខេត្តខ្លះខ្ពស់ជាងខេត្ដខ្លះ តែយើងដាក់ផែនការក្នុងប្រទេសរបស់យើង ការអភិវឌ្ឍ ដើម្បីធ្វើយ៉ាងណាឲ្យគ្រប់តំបន់ទាំងអស់ រីកចម្រើនដូចគ្នាស្មើគ្នា នេះជាទិសដៅរបស់យើង។ យើងឃើញហើយ ទោះបីជាមិនទាន់រីកចម្រើន ទិសឦសានស្មើភ្នំពេញ ឬមួយក៏នៅខាងខេត្ដព្រះសីហនុ ឬក៏នៅខាងទិសផ្សេងទៀត ប៉ុន្ដែបើប្រៀបធៀបពីក្រោយសង្គ្រាម បញ្ចប់ឆ្នាំ១៩៩៨ មកដល់ពេលនេះ តំបន់នោះក៏មានមនុស្សកើន ក៏មានហេដ្ឋារចនាសម្ព័ន្ធកើន ក៏កូនខ្មែរកាន់តែរឹងមាំនៅទីនោះ»។
ជាមួយគ្នានេះ សម្តេចអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនដែលបារម្ភបាត់បង់ទឹកដី ឬមួយអធិបតេយ្យភាព សូមរួមគ្នាសហការហេដ្ឋរចនាសម្ព័ន្ធមូលដ្ឋាន ឱ្យបានរឹងមាំ។
សម្តេចបន្ថែមថា «ខ្ញុំទៅចែកសញ្ញាបត្រនៅក្រចេះ និងមហាវិទ្យាល័យនៅរតនគិរី, មណ្ឌលគិរី ដើម្បីកសាងធនធានមនុស្សនៅទីនោះ កុំឲ្យមានតែនៅភ្នំពេញ។ នេះហើយជាសមិទ្ធកម្មលើដី ដែលបងប្អូនមានអារម្មណ៍ភ័យព្រួយ ប៉ុន្តែសួរថា តើយើងភ័យព្រួយយ៉ាងម៉េច ដើម្បីកុំឲ្យការភ័យព្រួយបាត់បង់ទឹកដី ឬមួយអធិបតេយ្យភាព ត្រូវរួមគ្នាកសាងមូលដ្ឋាន ឲ្យបានរឹងមាំនៅកន្លែងណាដែលយើងភ័យព្រួយ»។
ជាមួយគ្នានេះដែរ សម្តេចបានបញ្ជាក់ជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី ឬបាត់បង់អធិបតេយ្យភាពនោះទេ ផ្ទុះទៅវិញការសាងសង់ព្រែកជីកនេះ ដើម្បីបង្កើននូវអធិបតេយ្យភាពឯករាជភាព ក្នុងការដឹកជញ្ជូន ដែលអាចប្រើពាក្យដកដង្ហើមតាមច្រមុះខ្លួនឯង ពាក្យនេះសំខាន់ណាស់ នៅក្នុងអត្ថន័យនៃការថែរក្សា នូវបូរណភាព និងឯករាជ្យភាពរបស់ជាតិ សូមបងប្អូនកុំមានការព្រួយបារម្ភឲ្យសោះ៕