(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នៅពេលខ្មែរមានការសង្ស័យគ្នា គឺជារឿងគ្រោះថ្នាក់ធំណាស់ ជាពិសេសនាំដល់ការបែកបាក់គ្នា។ សម្តេចធិបតី ក៏បានស្នើឱ្យពលរដ្ឋខ្មែរ និងអ្នកសិក្សាស្រាវជ្រាវរង់ចាំមើលថា តើព្រែកជីកហ្វូណនតេជោ នឹងធ្វើឱ្យបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឬយ៉ាងណា?

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជិត ៦០០នាក់ នាព្រឹកថ្ងៃទី០៦​ ខែសីហា ឆ្នាំ២០២៤។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានការបង្កើតរឿងនាំឲ្យសង្ស័យថា គម្រោងនេះ នឹងនាំឲ្យកម្ពុជាបាត់បង់បូរណភាពទឹក និងអធិបតេយ្យភាពជាតិ។ បន្ថែមលើនេះ ក៏មានការបំភ្លៃថា គម្រោងនេះជាការទាក់ទាញសន្លឹកឆ្នោតរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ប៉ុន្តែ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា គម្រោងនេះធ្វើដោយកូនខ្មែរ ហើយនឹងប្រើពេលតែប៉ុន្មានឆ្នាំឲ្យរួចរាល់តែម្តង។ សម្តេចធិបតី ក៏បានស្នើទាំងប្រជាពលរដ្ឋខ្មែរ និងអ្នកសិក្សាស្រាវជ្រាវ រង់ចាំមើលថា តើព្រែកជីកហ្វូណនតេជោ នឹងធ្វើឱ្យបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឬយ៉ាងណា?

សម្តេចធិបតី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាគ្រោះថ្នាក់ធំ នៅពេលខ្មែរចាប់ផ្តើមសង្ស័យគ្នា ដោយអត់មានរឿងសោះ។ បង្កើតរឿង ធ្វើឲ្យសង្ស័យ បែកបាក់ក្នុងអារម្មណ៍ នេះហើយជាបញ្ហា។ អីចឹង យកល្អកុំឲ្យខ្មែរមានការសង្ស័យគ្នា យើងត្រូវធ្វើ (ព្រែកជីកហ្វូណនតេជោ) ហើយរាជរដ្ឋាភិបាល ហ៊ានឈរធ្វើ គម្រោងនេះ មិនមែន ១០០ឆ្នាំបានធ្វើចប់ទេ គឺធ្វើតែប៉ុន្មានឆ្នាំឲ្យចប់ ហើយឲ្យបងប្អូនវិនិច្ឆ័យតែម្តងទៅ»។

បើតាមប្រសាសន៍សម្តេចធិបតី ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការបង្ហាញឱ្យឃើញពីការប្រឹងប្រែងពង្រឹងកិច្ចការពារអធិបតេយ្យជាតិ។ សម្តេចធិបតី បានថ្លែងថា វាជារឿងល្អសម្រាប់ខ្មែរដែលព្រួយបារម្ភចំពោះការបាត់បង់ទឹកដី តែក៏ត្រូវផ្សារភ្ជាប់ជាមួយការគិតគូរ និងប្រឹងប្រែងពង្រឹងសមត្ថភាព។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុចបូតុងបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។

ការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីក ដែលកម្ពុជាមានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជា ក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឲ្យកម្ពុជា មានឱកាសគាស់រំលើងឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។

គម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពិធីបើកការដ្ឋានព្រែកជីក ដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

«ព្រែកជីកហ្វូណនតេជោ» នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕