(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តា «មនុស្ស» ក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជិត៦០០នាក់ នាព្រឹកថ្ងៃទី០៦​ ខែសីហា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានផ្ដោតយកចិត្តទុកដាក់ខ្ពស់លើកត្តាមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ជាមួយនឹងបាវចនា៥គឺ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានកំណត់យកអាទិភាពគន្លឹះ៥គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា»

សម្ដេចធិបតីបានបញ្ជាក់ថា ក្នុងស្មារតីនេះគឺរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ កម្មវិធីនយោបាយអទិភាពចំនួន៦ ដែលសុទ្ធតែផ្ដោតការសំខាន់លើកត្តាមនុស្ស។ ជាក់ស្ដែងដូចជា ការផ្ដល់ការថែទាំងសុខភាព ឆ្ពោះទៅកម្មវិធីគ្រប់ដណ្ដប់សុខភាពជាសកល, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនជាង១លាន៥សែននាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការធ្វើស្ថានូវនីយកម្ម កម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ ដែលនឹងគ្រប់ដណ្ដប់លើប្រជាជន សរុបប្រមាណ៤លាន៣សែននាក់ ការដាក់ចេញ និងការចំរុញការអនុវត្តន៍ យុទ្ធសាស្រ្ដអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពី ប្រព័ន្ធគាំទ្រសង្គមផ្លូវការ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បា​នឲ្យដឹងទៀតថា ការដាក់ចេញនូវយន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញាប្បទានសំដៅលើកកម្ពស់ផលិតភាព និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ និងការដាក់ពង្រាយមន្រ្ដីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាព កសិកម្មទូទាំងប​្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «មនុស្សនៅតែជាកត្តាស្នូលនៃគោលនយោបាយរបស់យើង ដូច្នេះហើយការអប់រំ និងការបណ្ដុះបណ្ដាលមូលធនមនុស្សជាយុទ្ធសាស្រ្ដ វិនិយោគវែងឆ្ងាយរបស់របស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋានសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មដែលផ្ដោតលើជំនាញ និងចំណេះដឹង ដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម ក្នុងដំណើរការដ៏វែងឆ្ងាយរបស់យើង ឈានឆ្ពោះទៅឋានៈប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០»