(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបថា កន្លងទៅមានបរទេសខ្លះមកប្រាប់សម្ដេច ដោយបង្ហាញពីការព្រួយបារម្ភរឿងអនុញ្ញាតឲ្យវិនិយោគិនចិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ នឹងនាំឲ្យបាត់បង់អធិបតេយ្យ តែសម្ដេចតបទៅវិញថា រាជរដ្ឋាភិបាលខ្មែរ មន្ដ្រីខ្មែរ និងប្រជាជនខ្មែរមិនខ្វះការពិចារណា រហូតធ្វើឲ្យបាត់ទឹកដីឡើយ។
ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន៥៦១នាក់ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះការផ្ដល់មតិយោបល់បង្ហាញពីការព្រួយបារម្ភនេះ តែចង់បញ្ជាក់ត្រឡប់ទៅវិញថា រាជរដ្ឋាភិបាលក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការថ្លឹងថ្លែងអ្វីល្អ អ្វីអាក្រក់ដែរ។
ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា មិនមានបរទេសណាស្រលាញ់ខ្មែរ ជាងខ្មែរខ្លួនឯងនោះទេ ហើយខ្មែរក៏មិនបណ្ដោយឲ្យបរទេសណាមករំលោភបំពាន នាំឲ្យបាត់បង់អធិបតេយ្យភាពនោះដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានបរទេសខ្លះមកប្រាប់ខ្ញុំថា ឲ្យប្រទេសខ្លះមកវិនិយោគនៅកំពង់សោម តិចទៀតខ្មែរបាត់អធិបតេយ្យភាព ខ្ញុំប្រាប់វិញ ខ្ញុំសូមអរគុណហើយ។ ប្រទេសណាគេមានមហិច្ឆតាអី ចង់បានអីរឿងរបស់គេ ទី១៖ ខ្ញុំប្រាប់គាត់វិញថា គ្មានអ្នកណាព្រួយបារម្ភពីខ្មែរ ជាងខ្មែរខ្លួនឯងទេ, ទី២៖ ប្រទេសណាចង់បានអី ប៉ុន្ដែរាជរដ្ឋាភិបាលខ្មែរ មន្ដ្រីរាជរដ្ឋាភិបាល និងប្រជាជនខ្មែរ នៅហ្នឹងមិនល្ងង់ទេ យើងក៏មានសមត្ថភាពមើលដែរអ្វីល្អអាក្រក់»។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបជាមួយក្ដីព្រួយបារម្ភនេះ ដោយចោទជាសំណួរថា តើនៅពេលនេះមានពលរដ្ឋខ្មែរណាម្នាក់ ទៅខេត្តព្រះសីហនុ ហើយតម្រូវឲ្យមានទិដ្ឋាការនោះទេ? ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការ និងគោលនយោបាយជាបន្ដបន្ទាប់ ដើម្បីពង្រឹងខេត្តជាប់សមុទ្រ ហើយក្លាយជាសក្ដានុពល និងជាគ្រាប់ពេជ្ររបស់កម្ពុជា។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, សម្ដេចមិនខ្វល់ថា បរទេសណាគិតបែបណាចំពោះកម្ពុជានោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺប្រជាពលរដ្ឋខ្មែរ ត្រូវតែស្រលាញ់ជាតិសាសន៍ខ្លួន និងខិតខំពង្រឹងសមត្ថភាព បង្កើននូវធនធានមនុស្ស ដើម្បីចេញទៅបម្រើការងារនៅគ្រប់ទីកន្លែង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ក្នុងសម័យនេះមិនអាចរស់នៅដាច់ដោយឡែកបាននោះឡើយ គឺត្រូវមានទំនាក់ទំនង និងការរកស៊ីជាមួយគ្នា ហើយចាត់ទុកថា ការធ្វើឲ្យបាត់បង់ទឹកដី និងអធិបតេយ្យជាតិ គឺជាការធ្វើអត្តឃាតនយោបាយ ហើយពលរដ្ឋមិនលើកលែងឲ្យនោះឡើយ៕