(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើល និងស្ញប់ស្ញែងចំពោះតាយាយពីរនាក់ប្តីប្រពន្ធ ដែលបានជិះម៉ូតូដឹកគ្នា ពីខេត្ដបាត់ដំបង មកមើលព្រឹត្តិការណ៍ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីម្សិលមិញ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ម្សិលមិញករណីពិសេសមួយ ប្រពន្ធខ្ញុំផ្ញើសារមក លោកតាម្នាក់ ឌុបប្រពន្ធពីបាត់ដំបង គាត់ថា ចេញម៉ោង៥ តែបើកូនគាត់ប្រាប់ គាត់ងើបតាំងពីម៉ោង៣ ជិះម៉ូតូពីបាត់ដំបង មកមើលព្រឹត្តិការណ៍ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សកម្មភាពនេះ បញ្ជាក់អំពីស្មារតីនៃការរួមគ្នា ក្នុងការស្រលាញ់ប្រទេសជាតិ ហើយការចូលរួមព្រឹត្តិការណ៍សាទរ ការបើកការដ្ឋានព្រែកជីកហ្វូណននេះ បានបង្ហាញឲ្យឃើញច្បាស់ នូវកម្លាំងឯកភាពជាធ្លុងក្នុងសង្គមខ្មែរ។
សូមរំលឹកថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ មានតាយាយពីរនាក់ប្ដីប្រពន្ធ បានជិះម៉ូតូមកពីខេត្តបាត់ដំបង ដើម្បីស្កាត់មកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមរយៈការសាកសួររបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ពួកគាត់បានជិះម៉ូតូមួយគ្រឿង ចេញពីខេត្តបាត់ដំបង នៅវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី០៤ ខែសីហា ហើយមកដល់ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ហើយបានសម្រាកនៅក្បែរទីតាំងពិធីមួយយប់ ដើម្បីបានឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រមួយនេះ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានឧបត្ថម្ភថវិកាចំនួន៥លានរៀល ដោយបានចាត់ឲ្យលោក សុខ លូ អភិបាលខេត្តបាត់ដំបង នាំយកថវិកាប្រគល់ជូនពួកគាត់ នៅរង្វង់មូលលោកតាដំបងគ្រញូង។
លោកតា និងលោកយាយ ដែលទទួលបានថវិកាឧបត្ថម្ភពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ឈ្មោះ សាត ឈឿន អាយុ៦៦ឆ្នាំ ជាអតីតមេភូមិស្វាយបីដើម (ឆ្នាំ២០១៥-២០១៨) និងយាយឈ្មោះ ប៊ុន សាមី អាយុ៦២ឆ្នាំ បច្ចុប្បន្ននៅភូមិស្វាយបីដើម ឃុំកន្ទឺ១ ស្រុកបាណន់៕