(កោះកុង)៖ ដើម្បីបង្កាទប់ស្កាត់ជំងឺ «Zika» ដែលកំពុងរីករាលដាល នៅប្រទេសមួយចំនួន នៅពិភពលោករួចមកនោះ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ មន្ទីរសុខាភិបាលខេត្តកោះកុង បានបើកយុទ្ធនាការចុះបាញ់ថ្នាំ ដើម្បីទប់ស្កាត់ជំងឺ Zika និងជំងឺគ្រុនចាញ់ ដែលឆ្លងតាមសត្វមូស និងធ្វើការផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋផងដែរ។
ការចុះប្រតិបត្តិការបាញ់ថ្នាំដើម្បីទប់ស្ការជំងឺ «Zika» នេះ ដឹកនាំលោក ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ និងមានចូលរូមសហការពី សាខាកាកបាទក្រហមកម្ពុជាខេត្ត សាខាសមាគមសហភាពសហព័ន្ធយុវជនកម្ពុជា និងមេភូមិ ឃុំផងដែរ ហើយត្រូវបានធ្វើឡើងនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា រួមទាំងច្រកទ្វារអន្តរជាតិចាំយាម និងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមភូមិន្ទ។
លោកវេជ្ជ ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងថា ការចុះធ្វើយុទ្ធនាការបាញ់ថ្នាំដើម្បីទប់ស្កាត់ជំងឺ «Zika» និងធ្វើការផ្សព្វផ្សាយ នៅក្នុងភូមិឲ្យពួកគាត់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ត្រូវរៀបចំកន្លែងសំម្រាកឲ្យបានត្រឹមត្រូវក្នុងម៉ុង បាញ់ថ្នាំមូសមុនកេង ពាក់អាវដៃវែងខោជើងវែង ឲ្យជិតត្រូវបោសសម្អាតលំនៅដ្ឋានឲ្យស្អាត។ល។ ហើយជាពិសេសធ្វើការបាញ់ថ្នាំបង្ការទប់ស្កាត់ ច្រកទ្វារអន្តរជាតិចាំយាមកម្ពុជា-ថៃ ដើម្បីកុំឲ្យឆ្លងពីប្រទេសជិតខាង។
លោកបញ្ជាក់ថា ការចុះយុទ្ធនាការ និងធ្វើការផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋថ្ងៃនេះ គឺក្រោមការណែនាំពីផ្ទាល់ពី លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលលោកបានប្រាប់មន្រ្តីសុខាភិបាល គ្រប់ខេត្តទាំងអស់ ត្រូវចុះធ្វើការផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ លោកក៏បានជម្រុញឲ្យមន្រ្តីនៅតាមបណ្តាស្រុក មណ្ឌលសុខភាព ត្រូវមានការផ្ដល់ព័ត៌មានឲ្យបានរហ័ស មកមន្ទីរបើមានហេតុការណ៏ណាមួយកើតឡើង៕