(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកស្រី ជូ លីនដា ចំពោះមរណភាពរបស់ ឯកឧត្តម ណាឌី តាន់ ទីប្រឹក្សា និងជាអតីតអគ្គលេខាធិការរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០៩នាទី ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោកស្រី ជូ លីនដា ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់រូបឯកឧត្តម ណាឌី តាន់ ដែលជា ឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះក្រុមគ្រួសារ ជាពិសេសជាការបាត់បង់នូវធនធានមនុស្សមួយរូបក្នុងវិស័យច្បាប់ និងរដ្ឋបាលសាធារណៈ ប្រកបដោយឆន្ទៈ មនសិការ ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ ព្រមទាំងបានបូជាកម្លាំងកាយចិត្ត បញ្ញា ស្មារតី ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា កន្លងមក ប្រកបដោយឧត្តមគតិខ្ពស់ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។
ក្នុងខណៈវេលាដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ណាឌី តាន់ ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕