(កណ្ដាល)៖ ឧត្តមសេនីយ៍ឯក ចៅ តុល នាយករងខុទ្ធកាល័យសម្ដេចធិបតីហ៊ុន ម៉ាណែត និងជាមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស បានចាត់តំណាងឱ្យរៀបចំដឹកនាំបងប្អូនមូស្លីមរាប់រយនាក់ ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។
ការរៀបចំនេះធ្វើឡើងនៅបរិវេណវិហារអ៉ីស្លាមចំនួន៣ទីតាំង គឺវិហារនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ វិហារនៅភូមិចាមក្រោម និងវិហារនៅភូមិចាមលើ នៃស្រុកកោះធំ ខេត្តកណ្ដាល។
ស្ថិតនៅក្នុងឱកាសដ៏មហោឡារឹកនាថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ លោក សុះ សារី តំណាងឧត្តមសេនីយ៍ឯក ចៅ តុល បានថ្លែងថា បងប្អូនមូស្លីមមិនមែនត្រឹមតែ៣វិហារនេះទេដែលរៀបចំប្រារព្វពិធីអបអរសាទរនេះ ពោលគឺគ្រប់វិហារទាំងអស់នៅទូទាំងប្រទេសជិត ៦០០ទីតាំងផ្សេងគ្នា ដែលសរុបបងប្អូនមូស្លីមនៅកម្ពុជាគាំទ្រ និងអបអរសាទរនោះគឺជាង១លាននាក់ឯណោះ ហើយនៅបងប្អូនមូស្លីមកម្ពុជាដែលនៅបរទេសប្រមាណជា១លាននាក់ផ្សេងទៀត ក៏អបអរសាទរដូចគ្នាផងដែរ ដែលនេះសបញ្ជាក់ឧ្យឃើញពីបេះដូងរបស់បងប្អូនមូស្លីមកម្ពុជា មិនថានៅទីណាក្ដី គឺរួបរួមគ្នាល្អណាស់ ដើម្បីគាំទ្រពិធីបើកការដ្នានព្រែកជីកហ្វូណនតេជោ ដ៏មហាអស្ចារ្យនេះ។
លោកក៏បានថ្លែងពីគុណតម្លៃ និងផលប្រយោជន៍យ៉ាងសម្បូរបែបនៃគម្រោងព្រែកជីកហ្វូណនតេជោនេះ ដែលនាំឱ្យសេដ្ឋកិច្ចប្រទេសជាតិកើនឡើងយ៉ាងខ្លាំង និងពលរដ្ឋទូទាំងប្រទេសនឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចមួយកម្រិតថែមទៀត។
គួរជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រមួយដែលនឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ទាំងពេលនេះ និងទៅថ្ងៃអនាគត។ ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ។ គ្រោងនេះ ចំណាយថវិកាសរុបប្រមាណ ១,៧០០លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer) ដែលមានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយតាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន ៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។
ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ហើយសម្រាប់ជម្រៅនាវា ៤,៧ម៉ែត្រ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធ មានសន្ទះផ្លូវនាវាចរណ៍ ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ព្រែកជីកប្រវត្តិសាស្រ្តនេះ បានផ្តល់អត្ថប្រយោជន៍លើវិស័យដឹកជញ្ជូន កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕