(ភ្នំពេញ)៖ លោកបណ្ឌិត សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ថ្នាក់កណ្ដាលនៃយុវជនគ្រីស្ទបរិស័ទកម្ពុជា ព្រមទាំងគ្រីស្ទបរិស័ទក្នុងប្រទេសកម្ពុជាទាំងអស់ បានផ្ញើសារលិខិតគោរជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្រ្តនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ផងដែរ។
នៅក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ ពោរពេញដោយសេចក្តីសោមនស្សរីករាយ អបអរសាទរនៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ដែលឈានចូលមកដល់នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ យើងខ្ញុំទាំងអស់គ្នាដែលជាគ្រីស្ទបរិស័ទក្នុងព្រះរាជាណាចក្រកម្ពុជា សូមអនុញ្ញាតចូលរួមសម្តែង នូវសេចក្តីអំណរសាទរឥតឧបមា ជូននូវបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទី យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ។
តាំងពីអតីតកាលរហូតដល់បច្ចុប្បន្នកាល សម្តេចតេជោ ហ៊ុន សែន នៅតែជាវីរជនដឹកនាំដ៏រឹងមាំខ្លាំងក្លា ក្នុងការអនុវត្តគោលនយោបាយឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដែលសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ប្រកបដោយគុណធម៌ សច្ចធម៌ តម្លាភាព និងទទួលបានការគោរពស្រឡាញ់ ជឿទុកចិត្ត ពីគ្រប់មជ្ឈដ្ឋានក្នុងតំបន់ និងសកលលោក។
សម្តេច គឺជាមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ និងជានិមិត្តរូបនៃការឯកភាពជាតិ ការបង្រួបបង្រួមជាតិ ដែលធ្វើឱ្យមាតុភូមិអង្គរដ៏បវរនៃយើងទាំងអស់គ្នា មានការអភិវឌ្ឍ រីកចម្រើន ជឿនលឿនយ៉ាងឆាប់រហ័សក្រោមម្លប់នៃសន្តិភាព។
ក្នុងនាមថ្នាក់ដឹកនាំកំពូលនៃគ្រីស្ទបរិស័ទកម្ពុជា និងក្រុមប្រឹក្សាភិបាល ព្រមទាំងគ្រីស្ទបរិស័ទក្នុងព្រះរាជាណាចក្រកម្ពុជា សូមដឹងគុណ ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិបានសុខសន្តិភាពនាពេលបច្ចុប្បន្ននេះ គ្រីស្ទបរិស័ទយើង មានឱកាសសិទ្ធិសេរីភាពពេញលេញបរិបូរណ៍ ជួបជុំប្រជុំ ថ្វាយបង្គំព្រះ សុខដុមរមន័យកម្មសាសនានៅកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍជឿនលឿន គួរឱ្យកត់សម្គាល់ក្រៃលែង។
ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា ថ្នាក់ដឹកនាំ ព្រមទាំងគ្រីស្ទបរិស័ទ្ធទូទាំងប្រទេស អធិដ្ឋានសូមដល់ព្រះយេស៊ូវប្រទានគ្រប់ទាំងព្រះពរ សូមមាន ជន្មាយុយឺនយូរ សុខភាពល្អបរិបូណ៌ សុភមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវ ពេជ្រ ច័ន្ទមុនី ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់៕