(ភ្នំពេញ)៖ ចាប់តាំងពី គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានចេញគោលការណ៍ថ្មី តម្រូវឱ្យសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតឃុំ-សង្កាត់ និងសមាជិកជាប់ឆ្នោតរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ បង់ប្រាក់វិភាគទានកាតព្វកិច្ចប្រចាំខែជូនគណបក្ស ដេីម្បីកៀរគរថវិកាទ្រទ្រង់ គណបក្សទាំងពីរ ត្រៀមសម្រាប់ផែនការឆ្ពោះទៅកាន់ការប្រកួតប្រជែងបោះឆ្នោត នាឆ្នាំ២០២៧-២០២៨នោះ បញ្ហារកាំរកូស និងការមិនពេញចិត្តបានផ្ទុះឡើងជាបន្តបន្ទាប់នៅតាមមូលដ្ឋាន។
ជាក់ស្តែង សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បានចេញសារសម្លេងប្រតិកម្មខ្លាំងៗ ហេីយបានបដិសេធថា ខ្លួនពុំយល់ព្រមក្នុងការបង់ថវិកាកាតព្វកិច្ច ចំនួន៧ម៉ឺនរៀល/ខែ ជូនគណបក្សឡេីយ និងបានរិះគន់យ៉ាងធ្ងន់ៗថា ការអវត្តមានរបស់ គណបក្សភ្លេីងទៀន នៅលេីឆាកនយោបាយកន្លងមកប្រាកដណាស់ថា គណបក្សភ្លេីងទៀននឹងបន្តគ្មានវត្តមាន នៅឆ្នាំ២០២៧-២០២៨ឡេីយ។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរូបនោះ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់ប្រាប់ទៅថ្នាក់ដឹកនាំភ្លេីងទៀន ពិសេសលោកប្រធាន ទាវ វណ្ណុល ជ្រាបជាព័ត៌មាន ខ្ញុំមិនបានបង់កាតព្វកិច្ចក្នុងមួយខែ ៧ម៉ឺនរៀលនោះទេ មូលហេតុដោយសារគណបក្សភ្លេីងទៀន អត់គោលនយោបាយ ច្បាស់លាស់ ទី១. អត់មានសិទ្ធិបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០២៣, ទី២. អត់មានសិទ្ធិបោះឆ្នោត ព្រឹទ្ធសភា ឆ្នាំ២០២៤ និងទី៣. អត់មានសិទ្ធិបោះឆ្នោតក្រុមប្រឹក្សាខេត្ត ស្រុក-ខណ្ឌ។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរូបនោះ បានថ្លែងបន្តយ៉ាងដូច្នេះថា «ឆ្នាំ២០២៧ខាងមុខនេះ គណបក្សភ្លេីងទៀន មិនមានវត្តមាននៅលេីឆាកនយោបាយបន្តទៀត ដូច្នេះកត្តាទាំងឡាយនេះហេីយ ដែលខ្ញុំធ្វេីពហិការមិនមានការចូលរួមបង់កាតព្វកិច្ចអ្វីទាំងអស់។ ម៉្យាងវិញទៀត នៅក្នុងឃុំខ្ញុំ ស្រេចលេីសាមីខ្លួន ខ្ញុំជាជំទប់ទី២ ឃុំសង្វេីយ ស្រុកជីក្រែង ខេត្តសៀមរាប។ ក្នុងឃុំសង្វេីយ ខ្ញុំយកលុយធ្វេីនយោបាយ គឺយកលុយផ្ទាល់ខ្លួន និងអ្នកជាប់ឆ្នោតទាំងបីកៅអី យកថវិកាផ្ទាល់ខ្លួនទាំងអស់ មិនថាស្លាកគណបក្ស មិនថាការហែរគណបក្ស មិនថាអ្វីទាំងអស់ គឺពឹងផ្អែកលេីសមត្ថភាពថ្នាក់មូលដ្ឋានទាំងអស់ អត់បានពឹងផ្អែកថ្នាក់ខេត្ត ថ្នាក់ជាតិអ្វីទាំងអស់ សូម្បីមេក្រូផ្សព្វផ្សាយ ស្លាក រៀបចំផែនការ មានតែផែនការជាមួយថ្នាក់ខេត្តប៉ុណ្ណឹងឯង បេីថវិកាអត់មាន ចឹង ដូច្នេះហេីយខ្ញុំសុំមិនចូលរួមបង់កាតព្វកិច្ចទាំងអស់។
«ប៉ុន្តែ ខ្ញុំគិតថាការបង់កាតព្វកិច្ចនេះ គឺគ្មានអ្វីពួកខ្ញុំត្រូវបង់ទេ ពីព្រោះដំណេីរការរបស់គណបក្សភ្លេីងទៀន គឺគ្មានអ្វីទាល់តែសោះ។ យេីងគិតមេីលបោះឆ្នោតក្រុមប្រឹក្សាខេត្ត ស្រុក និងបោះឆ្នោតតំណាងរាស្ត្រ គឺពួកយេីងគ្មានគណបក្សបោះឱ្យ គឺដោយសារគណបក្សភ្លេីងទៀន គ្មានគល់បញ្ជីឈរឈ្មោះក្នុងការឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យ ចឹងខ្ញុំមិនយល់ព្រមបង់កាតព្វកិច្ចនេះទេ! សូមអរគុណ ពីព្រោះគណបក្សភ្លេីងទៀនគ្មានដំណេីរការបន្តទៀតទេ អញ្ចឹងជាក់ស្តែងកាលពីឆ្នាំ២០២២ មកខាងថ្នាក់ជាតិមិនបានជួយអ្វីសម្រាប់ពួកខ្ញុំ ជាថ្នាក់មូលដ្ឋានឡេីយ គឺពួកខ្ញុំអ្នកខ្លះលក់គោ លក់របស់របរ ឬខំរកលុយដេីម្បីធ្វេីស្លាក ឬរាល់តម្រូវការរបស់បក្ស ដូចជាការឃោសនា ឬធ្វេីឡូហ្គោអីផ្សេងៗ គឺពួកខ្ញុំចំណាយថវិកាផ្ទាល់ខ្លួន ពុំដែលមានថ្នាក់ជាតិណាមកជួយទេ ខ្ញុំគិតថាការបង់កាតព្វកិច្ច គឺគ្មានអ្វីដែលពួកខ្ញុំត្រូវបង់នោះទេ ព្រោះដំណេីរការរបស់គណបក្សភ្លេីងទៀន ពុំមានដំណេីរការអ្វីទាល់តែសោះ»។
លោកបានថ្លែងយ៉ាងដូច្នេះថា «ដូចការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ស្រុក និងបោះឆ្នោតតំណាងរាស្រ្ត គឺគ្មានគណបក្សបោះឱ្យ ព្រោះគណបក្សភ្លេីងទៀន គ្មានគល់បញ្ជីឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យ ដូច្នេះខ្ញុំមិនយល់ព្រមក្នុងការបង់កាតព្វកិច្ចនេះទេ»៕