(ប៉ៃលិន)៖ លោកឧត្តសេនីយ៍ឯក ជុក គីមហួរ អគ្គនាយករង និងជាប្រធានគណៈប្រតិភូសវនកម្មផ្ទៃក្នុង តំណាងនាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងពិធីបិទសវនកម្មផ្ទៃក្នុង របស់ស្នងការនគរបាលខេត្តប៉ៃលិន។ ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបទៀតផងដែរ ដែលបានធ្វើឡើងនៅ សាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្ត។
ឧត្តមសេនីយ៍ឯក ជុក គីមហួរ ក៏បានធ្វើការណែនាំ មួយចំនួន ដល់កងកម្លាំងប្រដាប់អាវុធ ដូចជា ត្រូវពង្រឹងលើការចុះបញ្ជីវត្តមាន ត្រូវរក្សាទុកនូវរាល់ឯកសារ ដែលពាក់ព័ន្ធសម្រាប់សវនកម្មឆ្នាំបន្ទាប់ រាល់មន្ត្រីដែលឈឺ ត្រូវមានសំបុត្រពេទ្យត្រឹមត្រូវ មន្ត្រីដែលមានបេសកកម្ម ត្រូវមានឯកសារជាក់លាក់ លើកទឹកចិត្ត និងតម្លើងឋានន្តរសក្ដិ មុខងារ រឺប័ណ្ណសរសើរ ដល់មន្ត្រីទាំងឡាយណា ដែលមានការងារល្អ និងស្នាដៃល្អ រាល់ការចាយវាយ រឺចំណាយទៅលើអ្វីមួយ ត្រូវតែមានឯកសារ និងវិក័យបត្រ គ្រប់គ្រាន់។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការដ្ឋានគរបាលខេត្តប៉ៃលិន បានបញ្ជាក់ពីការងារ ពង្រឹង និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅតាមបណ្តាវត្តអារាម រម្មណីដ្ឋាននានា ទូទាំងខេត្តប៉ៃលិន ក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០១៦ ដែលមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំមួយដល់មន្ដ្រីក្រោមឱវាទ ដូចជា ត្រូវឯកភាពទៅនឹងផែនការ ដែលបានដាក់ជូន កងកម្លាំងទាំងអស់ ដែលនៅតាមគោលដៅ ត្រូវចេះកត់ត្រា រាល់បទល្មើសឲ្យបានត្រឹមត្រូវ ត្រូវមានទំនួលខុសត្រូវ ប្រធានគោលដៅត្រូវចេះគ្រប់គ្រង ដឹកនាំហៅកម្លាំងមកប្រើ បញ្ហាវិន័យរបស់កងកម្លាំងតួរនាទី និងភារៈកិច្ច បញ្ហាចោរកាច់សោម៉ូតូ ឈប់ឲ្យទាហ៊ានថៃដើរល្បាតឆ្លងកាត់ខាងទឹកដីខ្មែរទៀត និងបញ្ឈប់ការបាញ់បោះសេរី ឲ្យខានតែបាន។ លោកស្នងការ បន្ដថា ក្រុមការងារអត្តសញ្ញាណប័ណ្ណ ត្រូវបន្តការអនុវត្តន៍តាមគោលការណ៍ និងផែនការដែលបានដាក់ជូន កងកម្លាំងទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បិទលិខិតបង្គាប់ការ បញ្ហាសភាពការណ៍សន្តិសុខ នយោបាយបច្ចុប្បន្ន មន្រ្តីចរាចរណ៍ត្រូវសុភាពរាបសារ បន្ទន់ឥរិយាបទ និងគោរពសីលធម៌វិជ្ជាជីវៈ៕